ភ្នំពេញ:នារី គ ម្នាក់ ត្រូវបានជនល្មោភកាម ដែលទើបតែស្គាល់គ្នា ប៉ុនប៉ងរំលោភ តែនាងមិនព្រមឱ្យ ក៏បានវាយធ្វើបាប និងសម្រាតសម្លៀកបំពាក់ចេញអស់ រួចដឹកមកទម្លាក់ចោលទាំងខ្លួនអាក្រាត។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង វេលាម៉ោង១១ យប់ថ្ងៃទី២១ មេសា ២០១៦ មេះ នៅម្តុំខាងក្រោយសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។
នារីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ប៊ុន សីហា អាយុ ២៣ឆ្នាំ ជាមនុស្ស គ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ ជាមួយសង្សារជាអនិកជន។ ប្រភពព័ត៌មានពីក្រុមគ្រួសារនារីរងគ្រោះ ដែលបានសួរនាំដំណើររឿងពីនាង បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូឌុប មកលេងមិត្តភក្តិ នៅម្តុំផ្សារសូរិយា។ ពេលជួបជុំគ្នារួចមក ក៏បានចែកផ្លូវគ្នា ទៅរៀងៗខ្លួន ប៉ុន្តែក៏មានជនសង្ស័យម្នាក់ បានបបួលរូបនាង ឱ្យឡើងជិះរថយន្តជាមួយ ដើម្បីនាំទៅដើរលេង នៅម្តុំវត្តភ្នំ តែ ២នាក់។ ដោយរូបនាង ក៏យល់ព្រម ហើយមិនដឹងថា គេមានបំណងអាក្រក់អ្វីនោះទេ គ្រាន់តែចង់រាប់អានជាមួយគ្នា ធម្មតាប៉ុណ្ណោះ ម្យ៉ាងវិញទៀត គេជាមិត្តភក្តិរបស់មិត្តភក្តិនាង ទៀតផង។
ក្រោយពីដើរលេង នៅម្តុំវត្តភ្នំរួចហើយ ជនសង្ស័យ បានដឹកនារីរងគ្រោះ ទៅកន្លែងផ្សេងទៀត ខណៈបើករថយន្តមកដល់កន្លែងស្ងាត់ ជនសង្ស័យ បានឈប់រថយន្ត រួចចាប់នារីរងគ្រោះ សម្រាតសម្លៀកបំពាក់ បង្ខំរំលោភទាំងកម្រោល តែនាងមិនព្រម រួចជនសង្ស័យ បានវាយធ្វើបាប ហើយបានបើករថយន្ត ដឹកនាងមកដល់ ម្តុំសណ្ឋាគារសុខា រួចទម្លាក់នាងចុះពីលើរថយន្ត ទាំងខ្លួនអាក្រាត ហើយបើករថយន្តគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅក្បែរនោះ ឃើញនារីរងគ្រោះ ឈរអក្រាតខ្លួន ក៏បានយកសម្លៀកបំពាក់ មកឲ្យនាងស្លៀក រួចដឹកនាងមក ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីដាក់ពាក្យបណ្តឹង តាមនិតិវិធី នៃផ្លូវច្បាប់។ ក្រោយពេលសួរនាំ អំពីដំណើររឿង និងបានដាក់ពាក្យបណ្តឹង កំណត់អត្តសញ្ញាណជនសង្ស័យរួច ក៏ឲ្យក្រុមគ្រួសារ នាំនារីរងគ្រោះ ត្រឡប់ទៅវិញ៕
មតិយោបល់