ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Amazon បំពាក់បច្ចេកវិជ្ជា Alexa សម្រាប់រថយន្ត Ford កក្រើកព្រឹត្តិការណ៍ CES ២០១៧

ក្រុមហ៊ុន Ford បានរួមសហការគ្នាជាមួយក្រុមហ៊ុន Amazon ដើម្បីនាំយកមុខងារ Alexa មកបំពាក់លើរថយន្តរបស់ខ្លួន។ ដោយក្រុមហ៊ុននេះបានធ្វើការប្រកាសឡើង នៅឯពិព័រណ៍ផលិតផលអេឡិចត្រូនិក CES ក្នុងទីក្រុង Las Vegas កាលពីថ្ងៃពុធម្សិលមិញ។

ការរួមសហការនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់រថយន្ត Ford បំពាក់ឧបករណ៍ SYNC 3 អាចធ្វើការបានជាមួយមុខងារ Alexa ដែលជាសេវាបញ្ជាដោយសម្លេង នៅផ្នែកខាងក្នុងនៃរថយន្ត ដើម្បីធ្វើការបានមួយចំនួនដូចជា ពិនិត្យមើលអាកាសធាតុ ចាក់ Audiobooks (សៀវភៅសម្លេង) បញ្ជាទិញឥវ៉ាន់អនឡាញ និងអាចបញ្ជាលើឧបករណ៍ Amazon Echo ឬ Dot ដែលជាម៉ាស៊ីនតន្រ្តីឆ្លាតវ័យ នៅឯផ្ទះបានផងដែរ។

ឧទាហរណ៍ថា៖ អ្នកអាចបញ្ជាឲ្យ Alexa ស្ទង់មើលស៊ីតុណ្ហភាព ឬក៏បញ្ជាឲ្យបើកឬបិទភ្លើងនៅឯផ្ទះរបស់អ្នក អំឡុងពេលដែលអ្នកកំពុងធ្វើដំណើរតាមដងផ្លូវ។ ក្រុមហ៊ុន Ford និងចាប់ផ្តើមបញ្ចេញមុខងារពិសេសនេះ បន្សំគ្នារវាងឧបករណ៍ SYNC 3 របស់គេ ឲ្យដំណើរការនៅលើរថយន្ត Ford នារដូវក្តៅខាងមុខនេះ។

លើសពីនេះ ក្រុមហ៊ុនក៏បានប្រកាសថា សម្រាប់ម្ចាស់រថយន្ត Ford មួយចំនួននឹងអាចប្រើប្រាស់មុខងារ Alexa បាននៅក្នុងខែក្រោយនេះ។ ក្នុងពេលឆាប់ៗនេះ ម្ចាស់រថយន្ត Ford Focus Electric, Fusion Energi និង C-MAX Energi នឹងអាចប្រើឧបករណ៍ Amazon Echo ឬ Dot របស់ពួកគេ មកធ្វើការបញ្ជាឲ្យចាក់សោ ឬបញ្ឆេះរថយន្តដោយប្រយោល (Remotely) តាមវិធីសាមញ្ញៗ គ្រាន់តែនិយាយថា «Alexa, ask my FordMobile to lock my car» ឬក៏និយាយថា «Alexa, ask my FordMobile to start my car»។
ដំណើរការនេះអាចធ្វើទៅបាន ដោយប្រើប្រាស់កម្មវិធី SYNC 3 AppLink ដែលជាបច្ចេកវិជ្ជាទំនាក់ទំនង ធ្វើការតភ្ជាប់ជាមួយស្មាតហ្វូនរបស់អ្នក ដើម្បីអាចគ្រប់គ្រងឧបករណ៍ SYNC 3 បាន៕

ប្រភពព័ត៌មាន៖ businessinsider.com

មតិយោបល់