កាន់តែឡើងកំដៅខ្លាំងឡើង បន្ទាប់ពីបានផ្សាយថាតារាចម្រៀងលោកនេនទុំ បានយកសាច់ភ្លេងបទដើមរបស់បទ«ប្រយ័ត្នបះជើងជ្រោង»មកធ្វើMelody ថ្មីដើម្បីផលិតជាបទ«ជីវិតពិតមីទុំ» បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបទទាំង២នោះគឺមានសាច់ភ្លេងតែមួយ ដែលអ្នកទាំងពីរបានច្រៀងជាន់គ្នាដោយសារតែអ្នកសម្រួលបទភ្លេងយកទៅលក់អោយនេនទុំ ក្រោយផលិតអោយតារាចម្រៀងម្នាក់រួចហើយ។
ជាមួយនឹងរឿងរសើបនេះ គេឃើញតារាចម្រៀង២រូបផ្សេងទៀត ដែលអះអាងថាបានចាញ់បោកអ្នកលក់បទនោះផងដែរ ចេញមុខបកអាក្រាតអ្នកសម្រួលបទភ្លេងអោយលោកលី ណាកូ និងបន្តលក់សាច់ភ្លេងដដែលអោយនេនទុំនោះ។ លោកលី ណាកូ ម្ចាស់សាច់ភ្លេងដើមបានអះអាងថា លោក អ៊ែក ដែលប្រើហ្វេសប៊ុកឈ្មោះ Aek Audio បានធ្វើតារាចម្រៀងច្រើននាក់មកហើយស៊ី តាមរយៈការយកលុយក្នុងម្នាក់ពី៥០០ទៅ១០០០ដុល្លារ ដើម្បីផលិតបទអោយច្រៀង តែមិនបានផលិតបទអោយច្រៀងទេ។
ដោយឡែកសម្រាប់សាច់ភ្លេងបទ«ប្រយ័ត្នបះជើងជ្រោង»លោកថាលោកអ៊េកអត់បានផលិតអោយទេ គឺលោកជាអ្នកចំណាយលុយ និងក្រុមការងារផលិតសាច់ភ្លេងផ្ទាល់ខ្លួន ដោយគ្រាន់តែអោយលោកអ៊េកជាអ្នកសម្រួលតន្ត្រីអោយមុនពេលចេញច្រៀងបង្ហោះប៉ុណ្ណោះ។ អ៊ីចឹងហើយទើបលោកប្រតិកម្មនៅពេលដែលសាច់ភ្លេងនោះត្រូវបានផលិតជាបទ«ប្រយ័ត្នបះជើងជ្រោង»រួចហើយ តែបែរជាលោកអ៊េកហ៊ានយកសាច់ភ្លេងនោះទៅលក់បន្តទៀត។
លោកឃុន វាសនា ដែលជាតារាចម្រៀងមួយរូបធ្លាប់រងគ្រោះដែរបានប្រាប់ផុសកម្សាន្តថា លោកអ៊េកបានទារពីលោកតម្លៃ៥០០ដុល្លារ ជាថ្នូរនឹងជួយអោយក្លាយជាតារាចម្រៀង ដោយមានបទច្រៀងផ្ទាល់ខ្លួន ប៉ុន្តែក្រោយពេលបង់លុយគឺអត់មានការផលិតបទណាមួយដើម្បីចេញជាឌីសនៅក្នុងផលិតកម្មTop Man របស់លោកអ៊េកនោះទេ។ លោកថាមានតារាចម្រៀងក្មេងៗច្រើននាក់ដែលបានបង់លុយអោយលោកអ៊េក ហើយទទួលអយុត្តិធម៌ដោយមិនមានបទចម្រៀងចេញលក់ ឬចេញបង្ហោះនោះទេ ក្រៅពីតែមានតែតារាចម្រៀងដែលបង់លុយខ្លះបានចេញជាMP3 បានខ្លះៗ។
លោកយូអ៊ីន ជាតារាចម្រៀងមួយរូប ក៏បានទម្លាយអោយដឹងពីបញ្ហាអាស្រូវរបស់អ្នកផលិតបទភ្លេងឈ្មោះលោកអ៊េកនេះដូចគ្នា ដោយលោកបញ្ជាក់ថាពិតជាមានតារាចម្រៀងថ្មីៗច្រើននាក់ត្រូវលោកធ្វើស៊ីព្រោះតែរឿងយកលុយហើយមិនជួយអោយពួកគេមានបទច្រៀងអ៊ីចឹងមែន។
លោកអ៊េក បានតបតាមសាររបស់លោកលី ណាកូ ថាបញ្ហាសាច់ភ្លេងរបស់បទ«ជីវិតពិតមីទុំ»ដូចគ្នានឹងបទ«ប្រយ័ត្នបះជើងជ្រោង»របស់លោក លី ណាកូ គឺដោយសារតែលោកនេនទុំ យកសាច់ភ្លេងនោះទៅកាច់Melody មិនដាច់នោះទេ។ លោកថាខ្លួនតម្រូវអោយលោកនេនទុំយកសាច់ភ្លេងនោះទៅកែអោយអស់ ប៉ុន្តែចុងក្រោយសាច់ភ្លេងរបស់នេនទុំក៏នៅទម្រង់ដើម។
ពាក់ព័ន្ធនឹងការបកស្រាយនេះ លោកនេនទុំ បញ្ជាក់ថាបើដឹងថាសាច់ភ្លេងដែលលោកអ៊េកលក់អោយជាបទចាស់ លោកមិនចំណាយលុយសួម្បី១ដុល្លារទិញយកនោះទេ។ លោកថាក្រោយពេលទទួលលុយលោកអ៊េក ប្រគល់សាច់ភ្លេងនេះអោយខ្លួនហើយប្រកាសថាជាភ្លេងដែលទើបផលិតបាន ទើបលោកយកយល់ព្រមទទួលយក។
លោកថាជារឿងសំណាងដែលលោកសម្រេចចិត្តកែច្នៃMelody អោយមានទម្រង់ថ្មី ដោយកាត់ភ្លេងខាងមុខមកដាក់ខាងក្រោយ និងកាត់ផ្នែកខ្លះ បើមិនដូច្នេះគឺពិតជាដូចភ្លេងដើមទាំងស្រុង។ លោកទទូចអោយលោកអ៊េក ហ៊ានចេះទទួលខុសត្រូវ និងថាលោកក៏ជាជនរងគ្រោះដោយសារតែមួយជីវិតរបស់លោកគឺទើបតែម្ដងនេះគត់ដែលចេញច្រៀងបទOriginal Song តែជាបទដែលមានម្ចាស់ដើមប្រតិកម្ម៕
https://www.youtube.com/watch?v=th2zHYLjZ9Y&feature=youtu.be
https://www.youtube.com/watch?v=3NYlyJyhHXE
មតិយោបល់