គ្រាន់តែចុះមកដល់ប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានម៉ោងផង តារាសម្ដែងជើងចាស់ លោក យស បូវណ្ណៈ ត្រូវគេឃើញលេខមុខសម្ដែងភ្លាមៗ កាលពីព្រឹកថ្ងៃទី៤ ធ្នូ នៅខាងក្រោយវត្តគោកឃ្លាង ដោយលោកត្រូវសម្ដែងក្នុងឆាកធំ ជាមួយនឹងដៃគូចាស់ គឺអ្នកនាង ចាន់ តារាទី ក្នុងឆាកភ្លើងឆេះផ្ទះ រលេះរលួយរាងកាយតែម្ដង។ លោកត្រូវគេឃើញតុបតែងជាមនុស្សរលាកភ្លើង និងតម្រូវអោយសម្ដែងក្នុងប្លង់កម្សត់ និងពិបាកបើកឆាកតែម្ដង ប៉ុន្តែគេនៅតែកត់សម្គាល់ថា ការសម្ដែងរបស់លោកឆាប់ត្រូវ មិនសូវខុស។
លោក អ៉ិន បានថ្លែងបញ្ជាក់ថា ដោយសារតែលោក យស បូវណ្ណៈ មានពេលថតរឿង«លោកឪពុក» តែប្រមាណ២០ថ្ងៃ ទើបខាងផលិតកម្មមហាហង្សសម្រុកចេញថតតែម្ដង ដោយការសម្ដែងលើកដំបូងរបស់អតីតារាល្បីល្បាញកាលពីអំឡុងឆ្នាំ៩០រូបនេះ គឺសម្ដែងក្នុងប្លង់ធំ ដែលមានតារាសម្ដែងរួមជាមួយច្រើននាក់តែម្ដង។ លោកអះអាងថា ក្នុងប្លង់ត្រូវភ្លើងឆេះផ្ទះនេះ គឺជាប្លង់សំខាន់ជាងគេក្នុងរឿង ហើយក៍ជាប្លង់ដែលតម្រូវអោយលោកក្លាយជាបុរសពិការជើងព្រោះតែដើម្បីសង្គ្រោះជីវិតកូនស្រីនោះដែរ ប៉ុន្តែចុងក្រោយកូនស្រីរបស់លោក បែរជាធំដឹងក្ដី ដោយការប្រមាថលោកយស បូវណ្ណៈ ជាឳពុក ព្រោះតែលោកពិការ ក្រីក្រ មិនអាចអោយបាងលូយឆាយ ក្នុងពេលពេញវ័យទៅបាន។ លោកថាក្នុងរឿង”លោកឳពុក” មានតួអង្គឳពុក៣រូប ដោយលោក យស បូវណ្ណៈ គឺជាឳពុកដៃគូ ជាមួយអ្នកនាង ចាន់ តារាទី ហើយលោកក៍ជាតួឳពុកដែលឆ្លុះបញ្ចាំងពីទឹកចិត្តឪពុកកម្សត់មួយ ដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីអោយកូនស្រីបានល្អ គឺទោះជាលោកពិការ និងរកសុីលក់ដូរតាមរទេះ ដែលកូនស្រីមិនចង់ទទួលស្គាល់ជាឳពុក។
លោក យស បូវណ្ណៈ និយាយថា លោកសប្បាយចិត្តណាស់ ដែលបានសម្ដែងបើកឆាក ហើយសម្ដែងឆាកធំតែម្ដង ដែលលោកបានហៅឈុតឆាកនេះថា ជាឈុតដែលគ្រាន់តែអានសាច់រឿង គឺអួលដើមករចង់ស្រក់ទឹកភ្នែក។ ក្នុងនោះលោកក៍បានបញ្ជាក់ថា មិនមានការលំបាកនោះផង ដោយសារតែលោកសម្ដែងប៉ះចំដៃគូល្អៗ និងម្យ៉ាងមកពីលោកដ្បិតថាខានសម្ដែងច្រើនឆ្នាំតែអារម្មណ៍ និងបទពិសោធន៍គឺនៅតែដិតដាមក្នុងអារម្មណ៍៕
មតិយោបល់