ភ្នំពេញៈ សមត្ថកិច្ចខណ្ឌជ្រោយចង្វា បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ព្រមទាំងបានដកហូតថ្នាំញៀនចំនួន៤កញ្ចប់ និងម៉ូតូ៣គ្រឿង កាលពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ ទី១-ឈ្មោះ សាម៉ុន កក្កដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ទី២-ឈ្មោះ យឹម ចាន់វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្ន អ្នកទាំង២មានទីលំនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ទី៣-ឈ្មោះ ផុន ណូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ ទី៤-ឈ្មោះ ជឹម វិស្សុត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នអ្នកទាំង២ មានទីលំនៅភូមិខ្សោក ឃុំពពីស ស្រុកព្រៃងវែង ខេត្តព្រៃកវែង ទី៥-ឈ្មោះ វ៉ាន់ សុវេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រទឹកកក មានទីលំនៅភូមិចំបក់ហៃរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងទី៦-ឈ្មោះ និត មាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រទឹកកក មានទីលំនៅភូមិក្រសាំង ឃុំកាជ្រើង ស្រុកតាបែ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានបន្តថា នៅយប់ថ្ងៃទី២២ ខែវិចិ្ឆកា កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលជិះល្បាត ស្រាប់តែប្រទះរកឃើញជនសង្ស័យទាំង ៦នាក់ ហើយសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងបានដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ ជាប្រភេទម៉ាកទឹកកក និងម៉ូតូ៣គ្រឿង យកទៅអធិការដ្ឋានដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើបានសារភាពថា ពួកគេបាននាំគ្នាទៅទិញថ្នាំញៀននៅម្តុំរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពួកគេទាំងនោះទិញក្នុង១កញ្ចប់តម្លៃ២០ ០០០ម៉ឺនរៀល ដោយក្នុង ៤កញ្ចប់នោះតម្លៃ ៨០ ០០០ម៉ឺនរៀល ដើម្បីយកមកប្រើប្រាស់នៅស្រុកកំណើត។
សូមបញ្ជាក់ថា ទីតាំងនៅម្តុំរោងចក្រឆ្នាំងនេះ គឺជាតំបន់ដែលចែកចាយគ្រឿងញៀនដូចទំនិញក្នុងផ្សារហាក់មិនខ្លាចសមត្ថកិច្ចក្នុងមូលដ្ឋានសូម្បីតែបន្តិចសោះឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់