កូរ៉េៈ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងបានជូនដំណឹង ក្នុងប្រទេសខ្លួនឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីលិចទ្បើងជំងឺផ្តាសាយបក្សីកម្រិតខ្ពស់បំផុតទីពីរ ខណៈរកឃើញជំងឺនេះ ពីរករណីបន្ថែមទៀត គឺប្រភេទ H5N6 បានផ្ទុះឡើង បន្ទាប់ពីមានករណីកើតជំងឺនេះដំបូង ត្រូវបានបញ្ជាក់ថា កាលពីសប្តាហ៍មុន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កាលពីថ្ងៃពុធ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះជំងឺផ្តាសាយបក្សីថ្មីនេះ ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមទាពីរកន្លែង នៅភាគកណ្តាល និងភាគនិរតីនៃប្រទេស ហើយសត្វទាប្រមាណជា ៣០.៥០០ ក្បាល នៅកសិដ្ឋាននេះ ត្រូវបានគេប្រមូលយកទៅសម្លាប់ចោល។
សេចក្តីថ្លែងការណ៍ក្រសួង បានឲ្យដឹងថា ករណីទី១ ត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារ និងលើកទី២ នៅថ្ងៃពុធនេះ។
ចាប់តាំងពីករណីដំបូងនៃជំងឺផ្តាសាយបក្សី ប្រភេទ H5N6 ត្រូវបានរាយការណ៍ថា បានកើតទ្បើង នៅក្នុងតំបន់ដូចគ្នា កាលពីថ្ងៃសុក្រ ជាលទ្ធផលសរុបបួនករណីហើយនៃជំងឺនេះ ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វចំនួនបី ផ្សេងទៀត នៅក្នុងប្រទេស ដែលកំពុងត្រូវបានគេធ្វើតេស្ត៕
មតិយោបល់