កំពង់ឆ្នាំងៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្តព្រុស បើកបរខ្វះការប្រុងប្រយ័ត្ន បុកបុរសម្នាក់កំពុងឆ្លងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុច គីឡូម៉ែត្រ១០០-១០១ ក្នុងភូមិចម្ការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកបានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ណុញ គឹមហេង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះ ពឹង ហួរ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិ ស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក តូយូតា ព្រុស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2w-2643 បើកបរដោយឈ្មោះ លឹម ប៉ោផេង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ បើកចេញពីទិសខាងត្បូងទៅជើង ក៏បានបុកជនរងគ្រោះដើរឆ្លងកាត់ទ្រូងផ្លូវជាតិ រួចក៏បានខ្ទាត់ទៅប៉ះអ្នកអូសកង់ ក្នុងដំណើរខ្វែងទិសគ្នា បណ្តាលបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នកអូសកង់រងរបួសស្រាលតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់