ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញៈ ជនសង្ស័យប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ប្រុសស្រី៥នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួនរួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុងក្រោយការ៉ាស់សាំងតាសុខ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន៥នាក់នោះមាន ទី១ឈ្មោះ សួន សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នកចម្រៀងតាមហាង ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,ទី២ ឈ្មោះ ជា រី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ធ្លាប់ចូលមណ្ឌលឳកាសខ្ញុំ៥ខែ ជាម្ចាស់បន្ទប់ ម្ចាស់សម្ភារៈ (ដែកកាច់) នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង,ទី៣ឈ្មោះ ង្វាង យាំងវ៉ាង ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ រើសអេតចាយ ស្នាក់នៅភូមិ ថ្មគោល សង្កាត់ចោមចៅ,ទី៤ ឈ្មោះ លន់ សុភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្រុកកំណើតភូមិ វាល ឃុំកណ្តោល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី៥ ឈ្មោះ ជន រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន ស្រុកកំណើតភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងដកហូតមានដែកចុងស្រួវសម្រាប់កាច់សោ កម៉ូតូចំនួន១,សោខ្សៀរចំនួន១,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍មកថា មានទីតាំងផ្ទះជួលមួយកន្លែងផ្លូវបេតុងក្រោយការ៉ាស់សាំងតាសុខ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានក្មេងប្រុសស្រីពពាក់ ពពូនសេពគ្រឿងញៀននៅទីនោះទើបកម្លាំងប៉ុស្តិ៍នគរបាលចោមចៅបានដាក់ការស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃកើតហេតុកម្លាំងបានធ្វើការឆ្មក់ចូលទីតាំងខាងលើ ជាក់ស្តែងឃាត់បានមនុស្ស៥នាក់កំពុងសេពគ្រឿងញៀន ក្នុងនោះមានស្រីម្នាក់ ក្រោយមកសមត្ថកិច្ចបានឆែកឆេរ រកឃើញដែកសម្រាប់ធ្វើសកម្មភាពកាច់សោ កម៉ូតូ រួមនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បញ្ជាក់ក្នុងចំណោមពួកគេទាំង៥នាក់នោះឈ្មោះ ជា រី ភេទប្រុស អាយុ៣០ឆ្នាំ ជាម្ចាស់ទីតាំងផ្តល់កន្លែងសេពគ្រឿងញៀន ជាម្ចាស់សម្ភារៈ និងធ្លាប់ចូលមណ្ឌលឳកាសខ្ញុំ៥ខែ។

បច្ចុប្បន្នជនសង្ស័យ ទាំង៥នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅកសាងឯកសារបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងអនុវត្តតាមនិតិវិធីច្បាប់៕

https://youtu.be/OJFdKu2d4WQ

មតិយោបល់