ព័ត៌មានកីឡា

Leonardo ៖ មាឌធំៗមិនជាបញ្ហាទេ ឲ្យតែយើងប្រឹងលេងអស់ពីសមត្ថភាព ១០០%

នៅក្នុងសន្និសីទ​សារពត៌មានកាលពីម៉ោង ១១ ថ្ងៃមិញនេះលោក Leonardo Vitorino បានថ្លែងថា ទោះបីក្រុមជម្រើសជាតិកម្ពុជាមានមាឌតូចជាងអាហ្វហ្គានីស្ថាន ប៉ុន្តែនេះមិនមែនជាមូលហេតុទេ បើយើងមើលកីឡាករនៅអឺរ៉ុបដូចជា Lionel Messi និងកីឡាករទាបៗផ្សេងទៀត ឲ្យតែប្រឹងលេងអស់ពីសមត្ថភាពគឺលទ្ធផលច្បាស់ជាល្អ។

គ្រូបង្វឹកសញ្ជាតិប្រសុីលនៃក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា៖ «សម្រាប់ថ្ងៃស្អែកប៉ះជាមួយជម្រើសជាតិអាហ្វហ្គានីស្ថាន ដែលមានមាឌធំៗ ហើយកីឡាករលេងនៅលីគក្រៅប្រទេសច្រើនដូចជានៅលីគ ហូឡង់ ជាដើម។ ខ្ញុំគិតថាកំពស់និងមាឌមិនសំខាន់ប៉ុន្មានទេ បើសិនជាក្រុមកម្ពុជាប្រឹងលេង ១០០% អស់ពីសមត្ថភាពច្បាស់ជាមានលទ្ធផលល្អមិនខាន»។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវទទួលស្វាគមន៍ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី ១៣ ខែ មិថុនា ស្អែកនេះ ក្នុងជំនួបជម្រុះជុំចុងក្រោយនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 UAE ក្នុងពូល C៕

មតិយោបល់