ព័ត៌មានជាតិ

គ្រឿងញៀនមានរហូត! ចាប់ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់សង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀន

កណ្តាលៈ សមត្ថកិច្ចបានចុះប្រតិបត្តិការធ្វើការចាប់ជនសង្ស័យបានម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយដងហូតបានម្សៅសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចគោលដៅត្រួតពិនិត្យច្រកទ្វារខ្នាតាំងយូ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យចំនួនម្នាក់មានឈ្មោះ ង្វៀង វ៉ាងញី ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរជាងជួសជុលម៉ាស៊ីន(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមានម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន១កញ្ចប់តូច កាបូបដៃចំនួន១ ប្រាក់រៀលចំនួន៣,៥០០៛ និងប្រាក់វៀតណាមចំនួន២៥០,២០០ដុង ព្រមទាំងទូរសព្ទដៃម៉ាកណូគាអិនចុចពិលចំនួន១គ្រឿង។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចជំនាញស្រុកកោះធំ បានចល័តល្បាតនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង មកដល់ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ពេលនោះក៏បានទទួលព័ត៌មានពីមហាជនថា មានមុខសញ្ញាសង្ស័យលក់គ្រឿងញៀន កំពុងធ្វើសកម្មភាពលក់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ។

ភ្លាមនោះកម្លាំងជំនាញស្រុក បានសហការជាមួយនគរបាលប៉ុស្ដិ៍សំពៅពូន ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ង្វៀង វ៉ាងញី ភេទប្រុស ជនជាតិវៀតណាម រួចត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន១កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យ រួចក៏បាននាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់