ព័ត៌មានជាតិ

Update៖ ​និ​សិ​ត្សពេទ្យត្រៀមទទួលសញ្ញាបត្រ ជួបអកុសល!

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង៥៥ នាទីយប់ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់ បានជិះម៉ូតូធ្លាក់ស្ពានចូលប្រទ្បាយ ​បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង ស្ថិតផ្លូវ​២១៧ ​ចំណុច​ស្ពានថ្ម​ក្បែរ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ជន​រង​គ្រោះ​ឈ្មោះ​ សុខ ចាន់​រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​និ​សិ​ត្ស​ពេទ្យសត្វ មានស្រុក​កំណើត នៅ​ភូមិ​ពៃ ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ បានជិះ​ម៉ូតូម៉ាកសង់ឌ្រីម ​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ​1CT-9079។

តាមសមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ បានជិះ​តាមបណ្ដោយផ្លូវលេខ​២១៧ ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង ​លុះមកដល់កន្លែង កើតហេតុ ប្រហែលងងឹតមើលមិនឃើញស្ពាន ក៏បានជិះម៉ូតូធ្លាក់ស្ពានចូលប្រឡាយលូ បោកនិងជើងស្ពានស្លាប់ក្នុងទឹក យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ចុះ​ទៅ​ដល់ និងបាន​​ជួយ​ស្រង់​ជន​រង​គ្រោះ​យក​មក​លើគោក ដើម្បី​ជួយ​សង្គ្រោះ តែ​ជាអកុសលជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់ជីវិត​ទៅ​ហើយ។

បច្ចុប្បន្នសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

មតិយោបល់