ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូ ​គេចរ៉ឺម៉កកង់បី ជ្រុលទៅបុក​រថយន្ត​ រងរបួសធ្ងន់​!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីស្មាស់វី គេចពីម៉ូតូរឺម៉កកង់បីឆ្លងផ្លូវជ្រុលចង្កូតទៅបុករថយន្តម៉ាកតូយ៉ូតាព្រុស កំពុងបើកបរបញ្ច្រាសទិសដៅគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខដីឡូគ្មានលេខមួយកន្លែង តាមបណ្តោយផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះម៉ាកតូយ៉ូតាព្រុស ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2AA-9157 រងការខូចខាតក្រពឹតកាងមុខនឹងបែកកញ្ចក់ផ្ទាំងមុខទាំងស្រុង ម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។ ចំណែកឯម៉ូតូម៉ាកស៊ុយសាគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-4072រងការខូចខាតមួយកំណាត់មុខទាំងស្រុងអ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ រងរបួសធ្ងន់ដៃខាងស្តាំនិងខ្មងជើងស្តាំហូរឈាម។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូខាងលើជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវទន្លេសាប ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនគួរសម រីឯរថយន្តបើកបរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង ខណ:ដែលម៉ូតូដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូរឺម៉កកង់បីបើកបរពីមុខរថយន្តស្របទិសដៅបានបត់ឆ្វេងឆ្លងបានពាក់កណ្តាលផ្លូវ​ធ្វើឲ្យម៉ូតូបង្កអកហ្សើគេចមកខាងឆ្វេងដៃជ្រុលទៅបុកពីមុខរថយន្តយ៉ាងពេញទំហឹងផ្លោងអ្នកជិះម៉ូតូបោកទៅផ្ទាំងកញ្ចក់ខាងមុខរងរបួសធ្ងន់ដៃស្តាំនិងហូរឈាមខ្មងជើងស្តាំ។

ក្រោយកើតហេតុម្ចាស់រថយន្តនិងម៉ូតូធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុដោយម្ចាស់ម៉ូតូចេញសងថ្លៃជួលជុលរថយន្តចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ​

មតិយោបល់