ព័ត៌មានជាតិ

Update៖ ស្លុតចិត្ត! រថយន្តកុងតឺន័របុកកិនអូសជិត ១០ម៉ែត្រ ស្លាប់ប្ដីយ៉ាងរន្ធត់ ឯប្រពន្ធរបួសធ្ងន់ ចូលពេទ្យសង្គ្រោះបន្ទាន់

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកមរា ឆ្នាំ២០២០ ត្រង់ចំណុចស្តុប ២៤ម៉ោង តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ (ប្ដី) ស្លាប់ក្រោមកង់រថយន្ត និងស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ធ្ងរ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FB-7949 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី។ មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងទៅផ្លូវហាណូយ ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ចាម 3A-8242 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសពីរនាក់ទៀត ចេញមកពីខេត្តត្បូងឃ្មុំបម្រុង បើកឆ្ពោះទៅគួរស្រូវ ដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវហាណូយ ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន បានបុកម៉ូតូខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យកិនម៉ូតូ និងបុរសជាអ្នកបើកបរកៀបជាប់ក្រោមកង់រថយន្ត អូសប្រមាណ១០ម៉ែត្រ ស្លាប់ភ្លាមៗ និងស្ត្រីជាអ្នករួមដំណើរ បានរងរបួសធ្ងន់ធ្ងរ រីឯម៉ូតូបានរងការខូចខាតយ៉ាងដំណំ។

ដោយឡែករថយន្តបង្ក បានរងការខូចខាតក្រពឹតកាងផ្នែកខាងមុខ ចំហៀងខាងឆ្វេង ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈព្រូរថយន្តចំនួន២នាក់ទៀត បានរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះបន្ទាន់ បានមកដឹកស្ត្រីរងគ្រោះ យកទៅមន្ទីរពេទ្យផងដែរ។

សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើករថយន្តបង្ក ឈ្មោះ លី ម៉េងស្រ៊ី ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិពានា ឃុំសំពរក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូរួមជាមួយអ្នកបើករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសព ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ ឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់