ភ្នំពេញៈ កាលពីម៉ោង ៧និង៤០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុង ច្រកចូលសាលារៀនសុវណ្ណភូមិ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានករណីស្ត្រីម្នាក់ ទាក់ទងស្នេហាប៉ះចំប្តីគេ ត្រូវប្រពន្ធដើម តាមទាន់បាននាំបងប្អូន ទៅវាយផ្អើលពេញ ហាងអ៊ុតសក់តែម្តង។
តាមប្រភពពីប្រពន្ធដើម បានឲ្យដឹងថា រូបគាត់ និងប្តីបានរៀបការជាមួយគ្នា អស់រយៈពេលជាង១០ឆ្នាំមកហើយ មានកូនបង្កើតស្រីប្រុសចំនួន៣នាក់ផងដែរ។ ចំណែកមូលហេតុ ដែលគាត់ និងបងប្អូនមករករឿងស្ត្រីអ៊ុតសក់ខាងលើ ដល់ហាងនោះ ព្រោះតែ៦ខែមុន រូបគាត់បានមកប្រាប់ដល់ហាងអ៊ុតសក់ម្តងហើយ កុំឲ្យទាក់ទងប្តីគាត់ទៀត។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកគាត់ បានដឹងថាស្ត្រីខាងលើ នៅតែលួចទាក់ទងប្តីខ្លួន ថែមទាំងមានផ្ទៃពោះជាមួយគ្នាទៀតផង ធ្វើឲ្យគាត់ខឹងទប់ចិត្តមិនបាន ក៏នាំបងប្អូនស្រីប្រុសទៅដល់ហាងអ៊ុតសក់ខាងលើ រួចក៏វាយប្រវាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យបែកទូកញ្ចក់ ព្រមទាំងខូចរបស់របរមួយចំនួនទៀត ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះអន្តរាគមន៍ឃាត់បក្ខពួកភាគីប្រពន្ធដើម មកប៉ុស្តិ៍ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ។
បើតាមស្ត្រីដែលទាក់ទងប្តីគេ និយាយប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ មានទំនាក់ទំនងជាមួយប្តីរបស់ស្ត្រីប្រពន្ធដើមប្រាកដមែនហើយក៏បានទាក់ទងគ្នារយៈពេល២ឆ្នាំមកហើយ ដោយបុរសខាងលើ បានប្រាប់នាងថា «ខ្លួនមិនមានប្រពន្ធទេ» លុះបានខ្លួនប្រាណរយៈពេលជាង១ឆ្នាំ ទើបបានដឹងថាប្រុសដែលខ្លួនទាក់ទងនោះ គឺមានប្រពន្ធនិងកូនទៅហើយ តែខ្លួនដកចិត្តលែងបាន ក៏នៅតែបន្តទំនាក់ទំនង រហូតដល់ពេលនេះ ខ្លួនមានកូនក្នុងផ្ទៃពោះ៥ខែមកហើយ។
ក្រោយកើតហេតុ សមត្ថកិច្ច បាននាំប្រពន្ធដើម បន្ទាប់ពីនាំបងប្អូន មកវាយបំផ្លិចបំផ្លាញ ដល់ហាងអ៊ុតសក់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ភាគីខាងស្រី ដោយបានទាមទារសំណងចំនួន៥០០ដុល្លារ សម្រាប់ថ្លៃការខូចខាត។
ក្រោយកើតហេតុ ភាគីប្រពន្ធដើម មិនមានលុយគ្រប់សងស្រីរបស់ប្ដី ក៏បានសុំបញ្ចុះតម្លៃសងចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍ ហើយធ្វើកិច្ចសន្យា៕
មតិយោបល់