ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ត១គ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកខឿនសួនច្បារ ពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខឃ្លាំងប្រេងសាំងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តចង្កូតស្តាំ១គ្រឿង ម៉ាកហ្វតរ៉េនជ័រ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ខេមរភូមិន្ទ 092-8057 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ជ្រុលចង្កូតទៅបុកខឿនសួនច្បារពុះចែកផ្លូវទ្រូងពេញទំហឹង បណ្ដាលឲ្យបែកប្រេះ២ទៅ៣ផ្ទាំង។ ចំណែករថយន្តបង្ក បានក្រឡាប់ផ្ងារជើងអូសបន្ត ទៅខាងមុខប្រមាណ៥០ម៉ែត្រ ទើបអស់ល្បឿន បណ្តាលឲ្យរថយន្តបែកកង់មួយចំហៀង ផ្នែកខាងឆ្វេង និងក្រពឹតឆ្កូតសាច់ថ្នាំមួយចំហៀងខាងស្តាំយ៉ាងដំណំតែសំណាងមិនបង្កឲ្យអ្នកបើកបររងរបួសនោះទេ។
ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋ នាំគ្នាមកជួយទាញរថយន្តឲ្យផ្ងារឡើងវិញ និងយកអ្នកបើកបរ ចេញមកខាងក្រៅ។
បន្ទាប់មកបុរសជាអ្នកបើកបរ បានប្រមូលសម្ភារៈ ចេញមកពីខាងក្នុងរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ និងទាក់ទងហៅជំនាញ ឲ្យចុះមកវាស់វែង ស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់៕







មតិយោបល់