ព័ត៌មានជាតិ

ជម្លោះអ្នករត់ម៉ូតូកង់បីដណ្តើមម៉ូយគ្នា ម្នាក់ជាប់ខ្នោះ ម្នាក់ទៀតដេរ៤ថ្នេរ

ភ្នំពេញ: នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧ ម៉៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចរង្វង់មូលគួចកាណុង ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (វ៉ៃដោយដៃ បណ្តាលឲ្យរបួស) បានប្រព្រឹត្តនៅចំណុចរង្វង់មូលគួចកាណុង ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាល់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣ ម៉១៥នាទី។

ជនសង្ស័យឈ្មោះ គឹម សារ៉ា ហៅត្រេន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានម៉ូតូកង់បីឥណ្ឌា ម៉ាក BAJAJ maxima ពណ៌ស ផ្លាកលេខ ភ្នំពេញ 1ID-9503 មួយគ្រឿង និងទូរស័ព្ទដៃមួយគ្រឿងម៉ាក NOKIA ពណ៌ខ្មៅ។

ជនរងគ្រោះឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ទីលំនៅផ្ទះលេខ៣២០ថ ផ្លូវលេខលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ របួសចំក្បាលផ្នែកខាងមុខហូរឈាមដេរ០៤ថ្នេរ។

សមត្ថកិច្ច ឲ្យដឹង ថា មុនកើតហេតុនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣ និង១៥នាទី ជនរងគ្រោះបានទាស់សម្តីជាមួយជនសង្ស័យ រឿងដណ្តើមម៉ូយដាក់ម៉ូតូកង់បី។ ពេលនោះជនសង្ស័យ បានក្តាប់ដៃវ៉ៃមកលើជនរងគ្រោះចំនួនពីរ ទៅបីដៃ របួសចំក្បាលផ្នែកខាងមុខ បណ្តាលឲ្យបែកហូរឈាម ដេរ០៤ថ្នេរ រួចគេចខ្លួនបាត់។ ចំណែកជនរងគ្រោះ បានទៅព្យាបាលរបួសនៅមន្ទីរសម្រាកព្យាបាលសុខា ទួលសង្កែ រហូតដល់ម៉ោង១៥ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ទើបជនរងគ្រោះមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញអធិការនគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានសហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវរកជនសង្ស័យ លុះដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី ជនរងគ្រោះ បានឃើញជនសង្ស័យខាងលើ នៅចំណុចរង្វង់មូលគួចកាណុង ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ គឹម សារ៉ា ហៅត្រេន បានសារភាពថាខ្លួនពិតជា បានធ្វើសកម្មភាពក្តាប់ដៃវ៉ៃ មកលើជនរងគ្រោះបែកក្បាលហូរឈាមប្រាកដមែន។

ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

មតិយោបល់