(ភ្នំពេញ)៖ នៅទីបំផុត! តារាកំប្លែងជើងចាស់ លោកស្រី ណយ សំណាង និងកូនប្រុសគឺតារាចម្រៀង វណ្ណា ស័ក្តិ បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីពេទ្យមួយរយៈ។
ជាដំណឹងទៅកាន់អ្នកគាំទ្រ តារាចម្រៀង វណ្ណា ស័ក្ត បានបង្ហោះសារក្នុងទំព័រហ្វេសបុកថា «បាទថ្ងៃនេះខ្ញុំសែនសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ តើបងប្អូនដឹងថាខ្ញុំសប្បាយចិត្តរឿងអីអត់បាទ? ហើយខ្ញុំនិងម៉ាក់របស់ខ្ញុំ ពិតជាអរគុណដល់បងប្អូនពូមីងពុកម៉ែតាយាយ ដែលតែងតែជូនពរឲ្យខ្ញុំ និងម៉ាក់របស់ខ្ញុំឆាប់ជាសះស្បើយ ហើយឆាប់បានត្រឡប់ទៅផ្ទះវិញ ដោយសារតែថ្ងៃនេះខ្ញុំបាទនិងម៉ាក់ជាទីស្រលាញ់របស់ខ្ញុំបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះដ៏សែនកក់ក្តៅរបស់ខ្ញុំវិញបានហើយបាទអរគុណខ្លាំងណាស់»។
ទន្ទឹមគ្នានេះ តារាចម្រៀង លោក វណ្ណា ស័ក្តិ មិនភ្លេចនោះទេ នូវការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេស និងក្រុមគ្រូពេទ្យដែលបានខិតខំមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយលោក បាននិយាយថា «សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចពុកជាប្រមុខថ្នាក់ដឹកនាំកំពូល ដែលលោកតែងតែគិតគូរដល់ប្រជាជនទូទាំងប្រទេសយ៉ាងមមាញឹកនិងយកចិត្តទុកដាក់បំផុត… រួមទាំងបងប្អូនពូមីងពុកម៉ែ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺរកូវិដ-១៩នៅគ្រប់មន្ទីពេទ្យតូចធំនៅក្រុងភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗទៀតផង»។
លោកបន្តថា «ហើយក៏ដូចជាសូមអរគុណដល់ថ្នាក់ដឹកនាំមន្ទីពេទ្យ មិត្តភាពខ្មែរ-សូវៀត និងក្រុមលោកគ្រូអ្នកគ្រូពេទ្យប្រចាំនៅមន្ទីពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលពួកគាត់តែងតែយកចិត្តទុកដាក់មើលថែព្យាបាលអ្នកជម្ងឺរយ៉ាងញាប់ដៃញាប់ជើង មិនគិតពីរការហត់នឿយឡើយ រួមទាំងម្តាយរបស់ខ្ញុំហើយនិងរូបខ្ញុំបានយ៉ាងល្អណាស់»។
តារាចម្រៀង វណ្ណា ស័ក្តិ បន្តថា នៅពេលទៅដល់គេហដ្ឋានលោកនិងម្តាយ នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះបន្តទៀត ដើម្បីឲ្យប្រាកដថាបានជាពីជំងឺនេះ១០០ភាគរយ។
គួរជម្រាបថា លោកស្រី ណយ សំណាង គឺជាតារាជើងចាស់មួយរូបរបស់កម្ពុជា ដែលមានទេពកោសល្យសិល្បៈជាច្រើនផ្នែកល្ខោននិយាយ ច្រៀងអាយ៉ៃ សម្តែង និងតារាកំប្លែង។ លោកស្រី ណយ សំណាង និងកូនប្រុស គឺលោកវណ្ណ ស័ក្តិ ត្រូវបានរកឃើញកូវីដ-១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ និងដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យអ្នកទាំងពីរបានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១៕
មតិយោបល់