ភ្នំពេញ:ទីតាំងកែច្នៃ កម្ទេចជ័រ មួយកន្លែង ស្ថិតនៅ ផ្ទះលេខ២២,២៦ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ត្រូវបានអាជ្ញាធរ ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ បានចុះបិទ ទីតាំងខាងលើ បន្ទាប់ពីបង្ករផលប៉ះពាល់ ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ជុំវិញទីនោះ។
ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា ម្ចាស់ទីតាំង ដែលកែច្នៃ កម្ទេចជ័រ ខាងលើនេះ បានធ្វើឲ្យប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ដោយម្ចាស់ទីតាំងខាងលើ មានឈ្មោះ វង្ស សាយ ប្រកបអាជីវកម្មកែច្នៃ កម្ទេចជ័រ នៅក្នុងអាសយដ្ឋានខាងដើម។
ក្រោយមកគណៈកម្មការចម្រុះ ដែលដឹកនាំដោយលោក អភិបាលខណ្ឌ ជា ពិសី ចុះពិនិត្យ ដល់ទីតាំងខាងលើរួចមក ក៏បានជួបនឹងម្ចាស់ផ្ទះ ហើយបានធ្វើកំណត់ហេតុ ដើម្បីឲ្យម្ចាស់ទីតាំង បញ្ឈប់ជាបន្ទាន់។ បន្ទាប់ពីលោកអភិបាលខណ្ឌ បានចុះពិនិត្យរួចមក ក៏សម្រេចចិត្តបិទទីតាំងខាងលើចោល ព្រោះឃើញថា ការធ្វើអាជីវកម្មកែច្នៃ កម្ទេចជ័រនេះ បានធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន និងការរស់របស់ប្រជាពលរដ្ឋ ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា លោកមិនអនុញ្ញាត ឲ្យម្ចាស់ទីតាំងខាងលើ បើកអាជីវកម្មនៅទីនេះទៀតទេ គឺឲ្យម្ចាស់ទីតាំង ទៅបើកនៅកន្លែង ដែលឆ្ងាយជាងនេះ ដើម្បីកុំឲ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ កំពុងរស់នៅជុំវិញទីនោះ៕
មតិយោបល់