ស្វាយរៀងៈ ជនសង្ស័យម្នាក់បានយកម៉ូតូម៉ាកហុកដា សេ១២៥ មួយគ្រឿង ទៅលក់ដោយមិនមានឯកសារគ្រប់គ្រាន់ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
ករណីនេះបានកើតឡើងកាលវេលាម៉ោង៥និង៣០នាទីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅភូមិទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាប។ ជនសង្ស័យមានឈ្មោះ សំ សារឿន បានយកម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ មកលក់ក្នុងតម្លៃ ១ពាន់ដុល្លារ តែមិនមានឯកសារអ្វីនោះទេ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំបួរ បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយទាប ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត បានហៅឈ្មោះ សំ សារឿន (ហៅសៅ) ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន WPS ខូអិលធីឌី (ភ្នំពេញ) មានទីលំនៅបច្ចុប្បន្ន ភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង យកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូ Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FK-៨១៥៨ ដែលជាកម្មសិទ្ធិរបស់ ឈ្មោះ អ៊ូ សុធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្ននៅ ភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ពិតប្រាកដមែន។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចយើងបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ និង ដកហូតវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ សូមបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារ (២២ខែសីហា ឆ្នាំ១៩៩៩ ពីបទលួច)៕
មតិយោបល់