ព័ត៌មានសេដ្ឋកិច្ច

ផ្ទះតម្លៃទាប ២៤០០ខ្នង គ្រោងបើកការដ្ឋាននៅថ្ងៃ ៧ មករា ២០១៧ខាងមុខនេះ

ផ្ទះល្វែងតម្លៃទាប-មធ្យម សម្រាប់មន្រ្តីរាជការ គ្រោងនឹងបើកការដ្ឋានសាងសង់ផ្ទះ ២៤០០ខ្នង នៅថ្ងៃទី ៧ ខែមករា ឆ្នំា ២០១៧ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងកាលពីម្សិលមិញនេះ។

ផ្ទះល្វែងតម្លៃទាប-មធ្យម អាចនឹងមានតម្លៃប្រមាណ ២ម៉ឺនទៅ ២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដែលអនុញ្ញាតិឲ្យអ្នកទិញបង់រំលោះត្រឹមតែ ៨០ដុល្លារក្នុងមួយខែ រហូតដល់ទៅ ២០ឆ្នាំ។

លោកបន្តថា ផ្ទះនេះគឺសម្រាប់មន្រ្តីរាជការដែលមានប្រពន្ធកូន មិនមែនសម្រាប់អ្នកនៅលីវនោះទេ ហើយការសាកល្បងសាងសង់នេះគឺ មិនមែនដេញជើងបុរីទេ តែចង់ដឹងថា អាចជួយបានកម្រិតណា។

គោលការណ៍ពិសេសមួយ របស់គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យមគឺ សម្រាប់លោកអ្នកដែលមានប្រាក់ខែក្រោម ៥០០ដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី លោក សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Land។

គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យមគឺ មានលក្ខខណ្ឌពិសេសជាច្រើន ដែលក្រុមហ៊ុនសហការជាមួយរាជរដ្ឋាភិបាល បានរៀបចំសម្រាប់ប្រជាជនមានជីវភាពទាប-មធ្យមអាចទិញបាន នឹងធានាមិនមានការទិញសម្រាប់លក់បន្ត ឬរកផលចំនេញដោយអ្នកមាននោះទេ។

ផ្អែកតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាជនដែលមានចង់ទិញលំនៅឋាននេះ គឺតម្រូវឲ្យពួកគេមានគ្រួសារ មានប្រាក់ខែក្រោម ៥០០ដុល្លារ និងរស់នៅក្នុងផ្ទះនោះរហូតដល់ ៥ឆ្នាំយ៉ាងតិច និងគ្មានសិទ្ធិលក់បន្តនោះទេ ហើយលក្ខខណ្ឌបន្ថែមទៀត ក្រុមហ៊ុនកំពុងសិក្សាបន្ថែមជាមួយរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម អាចនឹងមានកម្ពស់ ២ជាន់ នឹងស្ថិតនៅចម្ងាយត្រឹមតែ ១៧គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ៕

មតិយោបល់