រតនគិរីៈ កម្លាំងរដ្ឋបាលព្រៃឈើបរកែវ សហការជាមួយកម្លាំងប៉ះអឹមស្រុកអូរយ៉ាដាវ កម្លាំងប៉ុស្តិ៍រដ្ឋបាលសេសាន្ត និងកម្លាំងយោធាព្រំដែនវរៈ១០២ ចុះបង្ក្រាបបានទីតាំងស្តុកឈើមួយកន្លែងនៅត្រង់ចំណុចមាត់ទន្លេសេសាន្ត ស្តិតនៅក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ករណីចុះរុករកគំនរឈើលេខ១សុក្រំ នៅរាយប៉ាយតាមមាត់ទន្លេសេសាន្តនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដោយរកឃើញឈើចំនួន២៣០ កំណាត់ស្មើនឹង១៦,៥៥៥ម៉ែត្រគូប(២០ម្ភៃក្លុំប្រវែងមួយម៉ែត្រពីរតឹក)។
ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើទាំងនេះឈ្មួញដឹកជញ្ជូនចេញពីចំណុចភូមិញ៉ាង ស្រុកអណ្តូងមាស ដោយឆ្លងកាត់ទន្លេសេសាន្តយកមកស្តុកទុកក្នុងភូមិបាដលបម្រុងដឹកជញ្ជូនបន្តទៅលក់ឲ្យឈ្មួញនៅប្រទេសសវៀតណាម។
ប្រភពពីប្រជាពលរដ្ឋជាជនជាតិដើមភាគតិចបានប្រាប់អ្នកសារព័ត៌មានថា ឈើទាំងនេះឈ្មួញមានចំនួន៣នាក់ រួមមានទី១-ឈ្មោះ លើយ ភេទប្រុស ទី២-ឈ្មោះ យ័ន ភេទប្រុស នឹងទី៣-ឈ្មោះ ង៉ែត ភេទស្រី។ ម្ចាស់ឈើទាំង៣នាក់ខាងលើនេះ ជាឈ្មួញឡើងដុះស្លែជាយូឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។
បច្ចុប្បន្នឈើទាំងនោះដឹកជញ្ជូនចេញបណ្តើៗ ហើយដោយសារពិបាកផ្លូវកម្លាំងប៉ះអឹមស្រុកនិងកម្លាំងរដ្ឋបាលព្រៃឈើ ដេកយាមកាមរហូតដល់ព្រឹកថ្ងៃទី៨ ខែឆ្នាំដដែលទើបដឹកជញ្ជូនយកទៅផ្នែករដ្ឋបាលព្រៃឈើបកែវដើម្បីរក្សាទុក ៕
មតិយោបល់