កម្ពុជា បាននិងកំពុងជម្រុញឥណ្ឌា ឲ្យចាប់ផ្តើមប្រតិបត្តិការជើងហោះហើរត្រង់ នៅឆ្នាំ ២០១៧នេះ ខណៈបច្ចុប្បន្នពុំទាន់មានក្រុមហ៊ុនណា ដាក់ពាក្យស្នើសុំប្រតិបត្តិការជើងហោះហើរនេះទេ ដោយខ្លាចខាតបង់។ នេះបើយោងតាមប្រសាសន៍របស់លោក Naveen Srivastrava អគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះ។
លោកបន្តថា ក្រុមហ៊ុនឯកជន នៅពុំទាន់ហ៊ានទទួលយកគម្រោងនេះទេ ដោយមិនទាន់ដឹងច្បាស់ពីចំណូល ហើយចំនួនអ្នកដំណើររវាងប្រទេសទាំងពីរ នៅមានកម្រិត។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នារវាងកម្ពុជា នឹងឥណ្ឌា សម្រាប់ជើងហោះហើរត្រង់ មានតំាងពីឆ្នាំ ២០០២ មកម្ល៉េះ ដែលផ្តល់ភាពងាយស្រួលក្រុមហ៊ុន ក្នុងការដាក់ពាក្យស្នើសុំប្រតិបត្តិការ ជើងហោះហើរនេះ។
លោក Naveen Srivastrava ក៏បានបន្ថែមថា ជើងហោះហើរត្រង់នេះ នឹងជម្រុញកំណើនទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយតួលេខនៃភ្ញៀវទេសចរណ៍ធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ កំពុងកើនឡើងផងដែរ។
ជើងហោះហើរនេះ នឹងប្រតិបត្តិការរវាង ក្រុងភ្នំពេញ/សៀមរាប នឹង NewDelhi/ទីក្រុងមួយចំនួនទៀតនៃប្រទេសឥណ្ឌា ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាចជាគោលដៅចំបងមុនគេ ក្នុងការចាប់ផ្តើមប្រតិបត្តិការជើងហោះហើរនេះ ដោយសារភ្ញៀវទេសចរណ៍ឥណ្ឌាភាគច្រើន ចាប់អារម្មណ៍លើសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា។
គួរជម្រាបផងដែរថា ប្រទេសឥណ្ឌា ជាប្រទេសដ៏ធំមួយ មានប្រជាជនប្រមាណ ១៣០០លាននាក់ ដែលជាសក្តានុពលទេសចរណ៍ដ៏ធំមួយ ត្រូវបានព្យាករណ៍ថា នៅឆ្នាំ ២០២០ នឹងមានភ្ញៀវទេសចរឥណ្ឌាចេញក្រៅប្រមាណ ៥០លាននាក់៕

មតិយោបល់