ព័ត៌មានសេដ្ឋកិច្ច

Unilever ចរចារទិញស្ករតោ្នត ២ពាន់តោនក្នុងមួយឆ្នាំ ពីសមាគមស្ករតោ្នតខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រុមហ៊ុន Unilever បានបង្ហាញពីបំណងចង់ទិញស្ករតោ្នតពី សមាគមស្ករតោ្នតខេត្តកំពង់ស្ពឺ ចំនួន២០០០តោន ក្នុងមួយឆ្នាំ ដោយតម្រូវឲ្យសមាគមជ្រើសរើសក្រុមតំណាងណាមួយ ប្រមូលស្ករត្នោត នឹងធ្វើការងារនេះជាមួយក្រុមហ៊ុន នេះបើយោងតាមការឲ្យដឹងពីលោក សំ សារឿន ប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។

លោក សំ សារឿនបានបន្តថា សមាគមស្ករតោ្នតខេត្តកំពង់ស្ពឺ បានជ្រើសរើសសហករណ៍កសិកម្មដើមតោ្នតខេត្តកំពង់ស្ពឺ ដើម្បីពិភាក្សាពីផែនការនេះ ជាមួយក្រុមហ៊ុនបន្តទៀត។ បច្ចុប្បន្នសមត្ថភាពនៃការផលិតស្ករត្នោតរបស់សហគមន៍ មានចន្លោះពី ២០០០តោន ដល់ ៣៥០០តោនក្នុងមួយឆ្នាំ ហើយសហករណ៍ នឹងធ្វើការងារជាមួយក្រុមហ៊ុនក្នុងស្រុក Comfrel សម្រាប់ការបង្កើតការវេចខ្ចប់។

ក្រុមហ៊ុន Unilever នឹងបញ្ជូនលក្ខណ:វិនិច្ឆ័យស្តង់ដារ មកកម្ពុជាក្នុងពេលឆាប់ៗនេះ សម្រាប់ការសិក្សា ដើម្បីឲ្យសហករណ៍បានមើលពី លក្ខណ:វិនិច្ឆ័យផលិតផលស្តង់ដារ ក្នុងការកែប្រែពី ការកែច្នៃស្ករប្រពៃណី ទៅជាការកែច្នៃស្តង់ដារ ដោយផ្តោតលើអនាម័យជាចម្បង។

លោក ហុង ហឿន ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មតោ្នតកំពង់ស្ពឺ បានឲ្យដឹងថា ការផ្គត់ផ្គង់ស្ករត្នោត គឺអាស្រ័យទៅតាមការបញ្ជាទិញពីក្រុមហ៊ុន ជាក់ស្តែងក្នុងឆ្នាំ ២០១៥ មានការបញ្ជាទិញស្ករត្នោតប្រមាណ ១៥០តោន ហើយរំពឹងការកើនឡើងខ្ពស់ នៅក្នុងឆ្នាំនេះ៕

palm-sugar-kompong-speu

មតិយោបល់