ព័ត៌មានសេដ្ឋកិច្ច

ហាងលក់យានយន្ត អាចចុះបញ្ជីយានយន្តជូនអតិថិជន ចាប់ពីថ្ងៃទី ១ កក្កដា តទៅ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ហាងលក់យានយន្ត ទទួលបានការអនុញ្ញាតឲ្យចុះបញ្ជីយានយន្តជូនអតិថិជន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៧ខាងមុខនេះតទៅ។

អាស្រ័យហេតុនេះ ហាងលក់យានយន្តមានសិទ្ធិចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ ជូនអតិថិជនរបស់ខ្លួននៅហាងតែម្តង ដោយគ្រាន់តែ ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្តទៅ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

យ៉ាងណាមិញ ហាងលក់យានយន្ត ត្រូវធានាថា យានយន្តដែលបានលក់ជូនអតិថិជនពីហាងរបស់ខ្លួន ត្រូវមានបណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ ដើម្បីអាចធ្វើចរចារណ៍លើផ្លូវថ្នល់បាន។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៧តទៅ ម្ចាស់យានយន្ត ត្រូវស្នើសុំចុះបញ្ជីយានយន្តរបស់ខ្លួននៅ ហាងលក់យានយន្ត ហើយការចុះបញ្ជីយានយន្តនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឬទីតាំងផ្តល់សេវាសាធារណៈដទៃទៀត មិនត្រូវបានអនុញ្ញាតឡើយ៕

មតិយោបល់