ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុន Electrolux ដ៏ធំរបស់អឺរ៉ុប ចូលបោះទុនខ្ទង់លានដុល្លារ នៅកម្ពុជា

វត្តមានរបស់ក្រុមហ៊ុន Electrolux ដែលជាក្រុមហ៊ុនល្បីល្បាញឈានមុខគេក្នុងពិភពលោក លើការផ្គត់ផ្គង់សម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកមកពីអឺរ៉ុបបានសម្រេចបោះទុននៅក្នុងប្រទេសកម្ពុជា ដោយបានបើកសម្ពោធ កាលពីថ្ងៃទី ២០ ខែតុលាកន្លងទៅ។

ក្រៅពីបោះទុនដល់រង្វង់រាប់លានដុល្លារ ក្រុមហ៊ុននេះក៏បានធ្វើការប្រកាសជាផ្លូវការថា ខ្លួននឹងធ្វើការអភិវឌ្ឍន៍ និងពង្រីកយុទ្ធសាស្ត្រទីផ្សារក្នុងប្រទេសកម្ពុជាដោយមានការសហការជាមួយនឹងក្រុមហ៊ុន ខេហ្វ័រ គ្រុប ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណក្នុងការចែកចាយសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់គេហដ្ឋានដ៏ធំបំផុតនៅកម្ពុជា ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ។

លោក Ratharuj Manaswatcharapong ដែលជាអ្នកចាត់ការទូទៅទីផ្សារអន្តរជាតិផែ្នកសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន Electrolux បានមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៧នេះ ផលិតផលដ៏ធំរបស់ក្រុមហ៊ុន Electrolux នឹងបើកដំណើរការផ្លូវការនៅប្រទេសកម្ពុជា ហើយនេះក៏ជាព្រឹត្តការណ៍ដ៏អស្ចារ្យបំផុតដែលក្រុមហ៊ុនមួយនេះបានសម្រេចក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន ខេហ្វ័រ ដែលជាអ្នកចែកចាយសម្ភារគ្រឿងអេឡិចត្រូនិកដ៏ល្បី និងឈានមុខគេដូចគ្នានោះផងដែរ»។

លោកថា អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា នឹងទទួលបានបទពិសោធន៍កាន់តែអស្ចារ្យរបស់ផលិតផល Electrolux ទាំងអស់ ដោយក្នុងនោះបច្ចេកវិទ្យាដ៏ទំនើបបំផុតដែលមានការទទួលស្គាល់នៅទូទាំងទ្វីបអឺរ៉ុប និងពិភពលោកក៏នឹងបំពេញសេចក្តីត្រូវការនូវប្រភេទសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់ផ្ទះបាយ និងផលិតផលថែរក្សាសម្លៀកបំពាក់ក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលនេះ។

ក្រៅពីផលិតផល Electrolux ដែលមានគុណភាពខ្ពស់ អតិថិជនទាំងអស់នឹងទទួលបានគំនិតច្នៃប្រឌិតដ៏អស្ចារ្យជាច្រើន ជាមួយនឹងផលិតផលដែលអាចជួយឱ្យជីវិតរបស់ពួកគេមានភាពកាន់តែប្រសើរឡើងតាមរយៈកម្មវិធីពិសេសៗជាច្រើនដែលក្រុមហ៊ុនគ្រោងនឹងធ្វើសម្រាប់រយៈពេលពេញមួយឆ្នាំនេះ។

លោកថាក្រុមហ៊ុន Electrolux នឹងផ្ដល់ជូននូវលក្ខណ្ឌសំខាន់៣ រួមមានការផ្តល់ជូននូវរសជាតិដ៏អស្ចារ្យ (ផលិតផលសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់ផ្ទះបាយ) ដោយក្រុមហ៊ុននឹងផ្តល់ជូនអតិថិជនទាំងអស់នូវ បទពិសោធន៍នៃការចម្អិនម្ហូបជាមួយនឹង លក្ខណៈច្នៃប្រឌិតដ៏ពិសេស ដែលអាចប្រើប្រាស់បានយ៉ាងងាយ និងមានសុវត្ថិភាពខ្ពស់នៅគេហដ្ឋាន។

ទី២ ការថែរក្សាសម្លៀកបំពាក់​ ដោយផ្អែកលើកិត្តិនាមរបស់ក្រុមហ៊ុន Electrolux ដ៏យូរមកហើយសម្រាប់ម៉ាស៊ីនបោកសម្លៀកបំពាក់ដែលត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប និងល្អផ្តាច់គេក្នុងការជួយថែរក្សាសម្លៀកបំពាក់ដែលលោកអ្នកស្រឡាញ់ និងចូលចិត្តបំផុតឱ្យនៅថ្មីជានិច្ច និងមិនហើរពណ៌ និងទី៣គឺ ការផ្តល់ជូននូវសុខមាលភាព (ផលិតផលបន្សុទ្ធខ្យល់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនទឹកក្តៅ)។

ក្រុមហ៊ុន Electrolux នឹងធ្វើការផ្តល់ជូនអតិថិជនទាំងអស់ជាមួយនឹងផលិតផលដែលមានសុវត្ថិភាពខ្ពស់ ក៏ដូចជាសមាជិកក្នុងគេហដ្ឋានទាំងមូលមានសុខភាពល្អ និងការរស់នៅពោរពេញដោយផាសុកភាព។

ក្រុមហ៊ុន Electrolux បានក្លាយជាក្រុមហ៊ុនដែលឈានមុខគេក្នុងទីផ្សារពិភពលោកដោយទទួលបានការជឿទុកចិត្តពីអតិថិជនទាំងអស់នៅអាស៊ីបូព៌ា។

ជាក់ស្ដែងក្នុងឆ្នាំ ២០១៧ នេះក្រុមហ៊ុន Electrolux បានក្លាយជាក្រុមហ៊ុនឈានមុខគេ និងបានកើនឡើងក្នុង ការលក់ដាច់បំផុតសម្រាប់ផលិតផលម៉ាស៊ីនបោកសម្លៀកបំពាក់ស្របពេលដែលផែ្នកសម្ភារអគ្គិសនី និគ្រឿងអេឡិចត្រូនិកសម្រាប់ផ្ទះបាយស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។

លោកថា ផលិតផលរបស់ Electrolux រួមមាន ទូទឹកកក ចង្រ្កានដុត ចង្រ្កានហ្គាស ចង្រ្កានអគ្គិសនី ម៉ាស៊ីនលាងចាន ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងសម្ភារអគ្គិសនីអេឡិចត្រូនិកសម្រាប់គេហដ្ឋានជាច្រើនទៀត ដោយនៅប្រទេសថៃផលិតផលមួយនេះក៏មានទីផ្សារនាំមុខគេធំមួយដែលមានការពេញនិយមផងដែរ។

កាលពីឆ្នាំ ២០១៦ លោកថាក្រុមហ៊ុន Electrolux បានធ្វើការលក់ផលិតផលរបស់ខ្លួនបានរហូតដល់ជាង ១៤.៥១ កោដិ ដុល្លារសហរដ្ឋអាមេរិក ដោយមានបុគ្គលិកប្រមាណជាង ៥៥០០០ នាក់នៅទូទាំងសាខា៕

មតិយោបល់