ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-ថៃ បន្ថែមច្រកទ្វារព្រំដែនអន្តរជាតិ៤ នៅព្រះវិហារ បាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរទៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាគ្រោងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤បន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ ពិសេសដើម្បីឆ្លើយតបនឹងកំណើនទេសចរ ដែលកំពុងកើនឡើងជាលំដាប់។

លោកបានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិចំនួន ២៤ ក្នុងនោះមាន៖ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិមានចំនួន ៣ ច្រកទ្វារកំពង់ផែអន្តរជាតិមានចំនួន ៤ ច្រកទ្វារព្រំដែនអន្តរជាតិមានចំនួន ១៧ ដែលក្នុងនោះ កម្ពុជា-វៀតណាម មានចំនួន ១០ កម្ពុជា-ថៃ មានចំនួន ៦ និងកម្ពុជា-ឡាវ មានចំនួន ១។

ថ្មីៗនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្រោងនឹងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤បន្ថែមទៀត រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ខេត្តឧត្តរមានជ័យ។

ការសម្រួលការធ្វើដំណើរជា យុទ្ធសាស្ត្រគន្លឹះមួយដ៏សំខាន់ ក្នុងការជំរុញភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជាបានច្រើន និងជាការកាត់បន្ថយរបាំងនៃការធ្វើដំណើរដែលមិនចាំបាច់។

ជាក់ស្តែង នៅឆ្នាំ ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៤.៣លាននាក់ កើនឡើង ១០,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ២០១៧ និង ៧លាននាក់ នៅឆ្នាំ ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់៕

មតិយោបល់