ព័ត៌មានសេដ្ឋកិច្ច

ចិន ជម្រុញឲ្យមានគម្រោងបណ្តុះបណ្តាលតាមអនឡាញដល់ កម្ពុជា

នៅថ្ងៃនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបគណៈប្រតិភូចិន ដឹកនាំដោយលោក Jiang Hao ប្រធានក្រុមហ៊ុន Join capital Investment & Management co.,Ltd; ដើម្បីពិភាក្សាអំពីលទ្ធភាពនៃ កិច្ចសហប្រតិបត្តិការលើ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា។

ប្រធានគណៈប្រតិភូលើកឡើងថា កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំងលើគ្រប់វិស័យ ហើយដំណាក់កាលនេះដូចជាប្រទេសចិន ដែលទើបនឹងចាប់ផ្តើមអភិវឌ្ឍដំបូងដូច្នេះដែរ ហើយក្នុងដំណាក់កាលនេះ ការអភិវឌ្ឍធនធានមនុស្ស គឺជាដំណាក់កាលដ៏សំខាន់ពិសេសធនធានមនុស្សលើវិស័យបច្ចេកទេសតែម្តង។

ភាគីចិន ចង់បង្កើតឲ្យមានគម្រោងបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Online) ដល់កម្ពុជា ព្រោះជំនាញនេះបានរួមចំណែកយ៉ាងខ្លាំង ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចប្រទេសចិន ឲ្យកាន់តែរីកចម្រើនមកដល់បច្ចុប្បន្ន។

ដូច្នេះបើគម្រោងនេះបង្កើតនៅកម្ពុជា នោះវានឹងមិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សលើផ្នែកនោះប៉ុណ្ណោះទេ តែវានឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

ចំពោះការបណ្តុះបណ្តាលតាមប្រព័ន្ធនេះ គណៈប្រតិភូបញ្ជាក់ថា ខ្លួនមានទាំងក្រុមបច្ចេកទេស និងថវិកាដើម្បីជំរុញ និងគាំទ្រឲ្យគម្រោងនេះទទួលបានជោគជ័យ។

ជាការឆ្លើយតប កម្ពុជាសូមស្វាគមន៍ចំពោះភាគីចិន ដែលមានគម្រោងអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកទេស ពិសេសចង់បង្កើតគម្រោងបណ្តុះបណ្តាលបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ(Online) ព្រោះបច្ចេកវិទ្យានេះកំពុងមានការពេញនិយមចំពោះមនុស្សទូទៅលើសកលលោក។

ជាចុងក្រោយ លោក អ៊ិត សំហេង ជឿជាក់ថា គម្រោងនេះលេចជារូបរាងឡើង នឹងមានការគាំទ្រពីប្រជាជនកម្ពុជាក្នុងការសិក្សាលើមុខវិជ្ជាអនឡាញនេះ និងបានសំណូមពរដល់គណៈប្រតិភូ ដែលមានបំណងបង្កើតគម្រោងបច្ចេកទេសអនឡាញនៅកម្ពុជានេះ សូមបកប្រែជាភាសាខ្មែរ-ចិន ចំពោះឯកសារមេរៀនទាំងឡាយ ដើម្បីងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានតែជា ភាសាចិន និងភាសាអង់គ្លេសប៉ុណ្ណោះ៕

មតិយោបល់