គម្រោងលំនៅឋានតម្លៃសមរម្យប្រមាណពី ២ម៉ឺន៥ពាន់ដុល្លារ ដល់ ៣ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រជាជនដែលមានចំណូលទាប និងមធ្យម គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៦នេះ ដែលលំនៅឋាននេះ អាចនឹងមានកម្ពស់ ២ជាន់ នឹងស្ថិតនៅចម្ងាយត្រឹមតែ ១៧គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពីលោក សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Land។
គម្រោងលំនៅឋានតម្លៃសមរម្យនេះ គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក និងសាងសង់សម្រាប់ប្រជាជនមានចំណូលចន្លោះពី ២៥០ ទៅ ៥០០ដុល្លារអាមេរិក អាចទិញស្នាក់នៅបាន ដោយតម្រូវឲ្យអតិថិជនបង់ប្រាក់ប្រមាណ ១០ភាគរយនៃតម្លៃផ្ទះសរុប ហើយអាចបង់ជាដំណាក់កាលបន្ត គឺប្រមាណ ១០០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់រយៈពេល ២០ឆ្នាំ។
លក្ខខណ្ឌពិសេស សម្រាប់ប្រជាជនដែលមានចង់ទិញលំនៅឋាននេះ គឺតម្រូវឲ្យពួកគេមានគ្រួសារ និងរស់នៅក្នុងផ្ទះនោះរហូតដល់ ៥ឆ្នាំយ៉ាងតិច និងគ្មានសិទ្ធិលក់បន្តនោះទេ។
លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏បានលើកឡើងកាលពីពេលថ្មីៗនេះដែរថា លំនៅឋានមានតម្លៃសមរម្យនេះ សម្រាប់ជួយដល់ប្រជាជនដែលមានចំណូលទាប និងមធ្យម និងក្រុមជនងាយរងគ្រោះ ដើម្បីទទួលបានលំនៅឋានសមរម្យនេះ។
សម្រាប់លំនៅឋាននេះ គ្រោងនឹងចំណាយពេលសាងសង់ប្រមាណ ២ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ តែក្រុមហ៊ុនមិនទាន់អាចបញ្ជាក់ពី ទីតាំងច្បាស់លាស់ ទាំងកម្ពស់ បរិមាណទំហំដី និងតម្លៃពិតប្រាកដ នៃគម្រោងនេះបានទេ៕
មតិយោបល់