តើកូនខ្មែរគួធ្វើអ្វីខ្លះក្នុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ ?
ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យបែបសាសនានិងវប្បធម៌ ដែលខ្មែរយើងតែងតែប្រារព្ធឡើងតាំងពីបុរាណកាលមក។
ពិធីបុណ្យមួយនេះមានរយៈពេលបីថ្ងៃ ដែលថ្ងៃនីមួយៗសុទ្ធសឹងតែបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។
ថ្ងៃទី១ ( ថ្ងៃមហាសង្ក្រាន្ត )យើងត្រូវយកម្ហូបអាហារទៅជូនមាតាបិតា បន្ទាប់មកត្រូវយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់ សាងវាលុកចេតិយនៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា។
ថ្ងៃទី២ ( ថ្ងៃវ័នបត ) កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទានដល់អ្នកបម្រើ ឬអ្នកក្រីក្រទៀតផង។ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយនិមន្តព្រះសង្ឃបង្សុកុលចេតិយបញ្ជូនមគ្គផលដល់វិបាកវិញ្ញាណបងប្អូននិងញាតិកាទាំង៧សន្តាន ដែលបានស្លាប់ទៅ។
ថ្ងៃទី៣( ថ្ងៃឡើងស័ក )ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម៕
មតិយោបល់