ថ្វីបើជំងឺទឹកនោមផ្អែមភាគច្រើនកើតមានចំពោះមនុស្សវ័យចំណាស់ពិតមែន ប៉ុន្តែកុមារក៏អាចទទួលរងពីជំងឺនេះដូចគ្នាដែរ។ តើមូលហេតុអ្វីទៅដែលបណ្តោលឲ្យកុមារកើតជំងឺទឹកនោមផ្អែម?
បច្ចុប្បន្ននេះ ក្រុមអ្នកជំនាញមិនទាន់បានកំណត់ពីមូលហេតុពិតប្រាដកនៅឡើយទេ ប៉ុន្តែចំពោះមនុស្សភាគច្រើនដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី១ គឺបណ្តោលមកពីប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ និងការផលិតអាំងស៊ុយលីនរបស់លំពែង ត្រូវបានបំផ្លាញ។ កត្តាហ្សែន និងបរិស្ថាន ក៏ដើរតួនាទីយ៉ាងសំខាន់ដែលធ្វើឲ្យកុមារត្រូវប្រឈមនឹងជំងឺនេះដែរ។
អាំងស៊ុយលីន មានតួនាទីសំខាន់ក្នុងការរំលាយគ្លុយកូសពីក្នុងឈាម។ ប៉ុន្តែ ប្រសិនបើកោសិកាផលិតអាំងស៊ុយលីនរបស់លំពែងត្រូវបានបំផ្លាញ រាងកាយកុមារនឹងមានការផលិតអាំងស៊ុយលីនតិចតួច ឬគ្មានតែម្តង។ លទ្ធផលគ្លុយកូសនឹងកកុញនៅក្នុងចរន្តឈាម ដែលអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។
ហានិភ័យដែលធ្វើឲ្យកុមារត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី១៖
ប្រវត្តគ្រួសារៈ កុមារដែលកើតនៅក្នុងគ្រួសារ ដែលកើតជំងឺទឹកនោមផ្អែប្រភេទទី១ មានហានិភ័យខ្ពស់។
កត្តាហ្សែនៈ វត្តមាននៃហ្សែនរបស់ឪពុកម្តាយមានជំងឺទឹកនោមផ្អែម អាចធ្វើឲ្យកុមារកើតមកមានហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទី១ ខ្ពស់ជាងកុមារដទៃ។
របបអាហារៈ ការផ្តល់របបអាហារគ្មានផាសុខភាពក៏ជាកត្តាមួយនៃការវិឌ្ឍទៅរកជំងឺទឹកនោមផ្អែមប្រភេទទី១ដែរ ខណៈដែលការបំបៅដោះកូនបានច្រើនអាចកាត់បន្ថយហានិភ័យនៃហានិភ័យនេះ។
ចំពោះកុមារដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទទី១ អាចជួបផលលំបាកដូចជា ការលូតលាស់មានភាពយឺតយ៉ាវ ប្រសិនបើជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រងបានល្អ ហើយជំងឺនេះអាចគំរាមកំហែងដល់ជីវិតថែមទៀត៕

ប្រភព៖ soha
មតិយោបល់