ភ្នំពេញៈ អគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងថា យុទ្ធនាការចុះតភ្ជាប់ចរន្តអគ្គិសនីក្នុងតម្លៃអនុគ្រោះ ៦១០រៀល ជូនដល់អ្នកជួលផ្ទះ/ជួលបន្ទប់ នៅក្រោមការចែកចាយផ្ទាល់របស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានចំនួន ២៣៤,៤២០បន្ទប់។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ បានឲ្យដឹងថា យុទ្ធនាការចុះតភ្ជាប់ចរន្តអគ្គិសនីជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួលផ្ទះ/បន្ទប់ក្នុងតម្លៃអនុគ្រោះ ៦១០រៀល សម្រាប់អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោង ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញនោះ អគ្គិសនីកម្ពុជា សម្រេចការងារនេះបានចំនួន ២៣៤,៤២០បន្ទប់ហើយ ដែលក្នុងនោះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល មានចំនួន៤,៩៣៨បន្ទប់ផងដែរ។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏សូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ផ្ទះជួល/បន្ទប់ជួល ដែឡបានសហការយ៉ាងល្អ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានផ្ដល់ការគាំទ្រ និងសការពេញលេញ បងប្អូនប្រជាពលរដ្ឋជាអ្នកជួលផ្ទះ/បន្ទប់ ហើយនឹងនិយោជិកអគ្គិសនីកម្ពុជា ដែលបានខិតខំមិនខ្លាចនឿយហត់។
អគ្គិសនីកម្ពុជា នឹងបន្តការងារនេះយ៉ាងសស្រាក់សស្រាំរហូតដល់យុទ្ធនាការនេះ ត្រូវបានបញ្ចប់ទាំងស្រុង៕
មតិយោបល់