ព្រះសីហនុៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “នៅព្រឹកនេះ ខ្ញុំបានមកសម្ពោធដាក់ឲ្យប្រើប្រាស់ក្រុមហ៊ុនវិនិយោគចំនួន១០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលស្ថិតនៅភូមិបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសនេះ គឺទទួលបានការគាំទ្រពីរដ្ឋាភិបាលចិន និងកម្ពុជា។ ដោយសារទំនាក់ទំនងល្អរបស់កម្ពុជា-ចិន គឺយើងសង្ឃឹមថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងកើនឡើង៥ពាល់លានដុល្លារ នៅឆ្នាំ២០១៧ខាងមុខ”។
បើតាមសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា នេះជាសក្ខីភាពដែលបានបញ្ជាក់ច្បាស់ថា នៅពេលប្រទេសជាតិមានសុខសន្តិភាព គឺបានទាក់ទាញអ្នកវិនិយោគ និងពាណិជ្ជករអន្តរជាតិកាន់តែច្រើនឡើង មកវិនិយោគនៅក្នុងប្រទេសយើង ដែលបានផ្តល់នូវការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនយុវនារីនៅក្នុងខេត្តចំនួន១១៥០០នាក់។ សម្ដេចបន្តថា “សូមក្មួយៗ ថែរក្សាក្រុមហ៊ុនដែលជាឆ្នាំងបាយរបស់ក្មួយៗឲ្យបានល្អ ដើម្បីការងារក្មួយៗ។ ការបាត់បង់រោងចក្រ គឺខាតបង់អស់ការងារធ្វើ គ្មានប្រាក់ចំណូល ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ។ រីឯថៅកែ និងអ្នកគ្រប់គ្រងរោងចក្រទូទាំងប្រទេស ក៏ត្រូវមើលថែទាំ និងដឹងសុខទុក្ខបុគ្គលិកកម្មករ ហើយបង្កើតលក្ខ័ណ្ឌការងារល្អ ដើម្បីធានាដល់គុណភាពការងារ”។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងអបអរសាទរក្រុមហ៊ុនវិនិយោគទាំង១០០ ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សម្ដេចបានប្ដេជ្ញាបន្តខិតខំគៀងគរ និងទាក់ទាញវិនិយោគទុនបរទេសជាច្រើនថែមទៀត ដើម្បីមកវិនិយោគនៅក្នុងប្រទេស ដើម្បីផ្តល់នូវការងារ និងមុខរបរកាន់តែច្រើនឡើងថែមទៀតដល់ប្រជាពលរដ្ឋ។ ក្នុងនាមជានាយករដ្ឋមន្រ្តី និងបេក្ខភាពនាយករដ្ឋមន្រ្តី សម្ដេចក៏បានប្តេជ្ញាការពារសន្តិភាព ដើម្បីជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕
មតិយោបល់