ភ្នំពេញៈ ក្រោយ ប៉ែន ចំរ៉ុង ដាក់ពាក្យលែងលះទៅកាន់ ភិន សុដាលីស កាលពីថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦ បានធ្វើឲ្យតារាស្រីកូនថៅកែមហាហង្ស នឹងក្លាយទៅជាស្ត្រីមេម៉ាយ ដែលដើរតួជាឪពុកផង ម្តាយផង មិនខុសពីតារាសម្ដែង ឆយី នោះទេ។
ស្នេហាដែលធ្លាប់ផ្អែមល្អែម បង្ហាញទៅកាន់ទស្សនិកជន ដោយសន្យាថា នឹងរួមរស់ជាមួយនឹង ភិន សុដាលីស ដល់ចាស់ទោះស្ថិតក្នុងស្ថានភាពបែបណា តែ ប៉ែន ចំរ៉ុង មិនអាចសន្យាបានឡើយ ដោយក្បត់ស្នេហានាងទាំងកណ្តាលផ្លូវ រហូតមានពាក្យបណ្តឹងលែងលះធ្លាក់ដល់ដៃតុលាការ ទាំងមិនដឹងមូលហេតុ។
ភិន សុដាលីស ត្រូវបានទស្សនិកជនចាត់ទុកថា នាពេលអនាគត នាងនឹងក្លាយទៅជាឪពុកផងម្តាយផងសម្រាប់កូនក្នុងផ្ទៃរបស់នាង ដែលមិនទាន់ស្គាល់ភពថ្មីនៅឡើយ។
តារាស្រីកូនថៅកែមហាហង្ស រូបនេះ ក៏ត្រូវបានគេយកទៅធៀបជាមួយនឹងតារាសម្តែងដើមទ្រូងបាន នាង ឆយី ផងដែរ ដោយត្រូវបានប្តី បោះបង់ចោល ដោយបន្សល់ទុកនូវកូនមួយ ទុកឲ្យនាងមើលថែ ដោយនាងត្រូវដើរតួជាម្តាយផង និងឪពុកផង មិនខ្លាចនឿយហត់ឡើយ។
ក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ ភីអិនអិន តាមរយៈការសម្ភាសន៍ផ្ទាល់ពី ប៉ែន ចំរ៉ុង កាលពីថ្ងៃទី២៧ ខែមិថុនា នាង ឆយី បានបង្ហាញថា «ខ្ញុំមិនស្តាយនោះទេ នៅពេលដែលគាត់ចូលមកជីវិត របស់ខ្ញុំ ពេលដែលអត់មានគាត់(កូន) ជីវិតខ្ញុំពិបាកជាងហ្នឹង វាមិនពិបាកអីទេ គ្រាន់តែពេលខ្លះ យើង Lonely ពេលខ្លះយើងមានបញ្ហាគ្រួសារ នៅពេលដែលយើងមានគាត់នៅក្បែរ ធ្វើឲ្យជីវិតយើងថាមានអ្នកផ្តល់កម្លាំងចិត្តតស៊ូសម្រាប់គាត់»។
នាងបានបន្ថែមថា «អារឿងធ្វើម្តាយផង ឪពុកផង ជារឿងទូទៅ ព្រោះកាលម្តាយនាងក៏ដូចគ្នាដែរ ព្រោះនាងកំព្រាឪពុកតាំងពីកើតមក»។
យ៉ាងណាមិញ បទសម្ភាសន៍របស់ ឆយី នេះ កំពុងក្រើនរំឭកឲ្យ ប៉ែន ចំរ៉ុង នឹកដល់ ភិន សុដាលីស ដែលខ្លួនបានបោះបង់ ដែលជាអតីតភរិយា ថាតើ ភិន សុដាលីស ទៅជាយ៉ាងណា? ឬក៏ត្រូវដើរតួរជាម្តាយផង និងឪពុកផង ដូចឆយី ឆ្លងកាត់ភាពលំបាកជាច្រើននោះ៕
មតិយោបល់