ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញារក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ទោះបីអាមេរិក ដាក់ទណ្ឌកម្មវិញក៏ដោយ

អ៊ីរ៉ង់: ដោយប្រឈមនឹងការរំពឹងទុក ចំពោះការដាក់ទណ្ឌកម្មថ្មីទ្បើងវិញរបស់អាមេរិកនោះ រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងស្វែងរកកិច្ចប្រឹងប្រែង ពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឲ្យនៅតែរស់រានបន្តដូចដើម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

មន្ត្រី​ជាន់​ខ្ពស់​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់ លោក Ali Akbar Salehi បានប្រាប់អ្នកសារព័ត៌មានថា អ៊ីរ៉ង់បានសន្យា ជាមួយសហភាពអឺរ៉ុបថា នឹងបន្តគោរពតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានផ្តល់ហត្ថលេខី ដោយបណ្តាប្រទេសនៅអឺរ៉ុប ដើម្បីក្រុងតេអេរ៉ង់ អាចគេចផុតចេញពីការដាក់ទណ្ឌកម្មរបស់អាមេរិក។

កាលពីចុងសប្តាហ៍មុន តំណាងរបស់សហភាពអឺរ៉ុប លោក Miguel Arias Canete សមាជិកគណកម្មការអឺរ៉ុប ទទួលបន្ទុកផ្នែកកិច្ចការថាមពល នៅទីក្រុងតេអេរ៉ង់ បាននិយាយថា ពួកគេមានផែនការបញ្ឈប់ភាពឯកោ ខាងផ្នែកហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ក៏ដូចជាធានាឲ្យបាននូវការបន្តអនុវត្តន៍លក្ខខណ្ឌ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ដោយក្នុងនោះលោក Salehi បានបញ្ជាក់បន្ថែមថា អ៊ីរ៉ង់សង្ឃឹមថា អ្វីដែលពួកគេ បានបង្ហាញនោះ នឹងត្រូវបានអនុវត្តបានសម្រេចផងដែរ៕

មតិយោបល់