អ៊ីស្រាអែលៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យន្ដហោះចម្បាំងខ្លួន បានវាយប្រហារលើគោលដៅយុទ្ធសាស្ត្រជាង ១៤០ ទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៨។
ការវាយប្រហារតាមអាកាសនេះ ត្រូវបានធ្វើទ្បើងដើម្បីសងសឹកចំពោះការបាញ់រ៉ុក្កែតចំនួន ១៥០ គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីយប់ថ្ងៃពុធ ក្នុងនោះមានចំនួន ២៥ គ្រាប់ ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារជាតិ Iron Dome របស់អ៊ីស្រាអែល។
ពាក់ព័ន្ធនឹងបញ្ហានេះ IDF បានសរសេរនៅតាមប្រព័ន្ធសង្គមថា៖ «យើងបានឆ្លើយតប ជាមួយការវាយប្រហារគោលដៅរោងចក្រស៊ីម៉ងត៍មួយ ដែលត្រូវបានប្រើប្រាស់ ដោយក្រុមហាម៉ាស់ ក្នុងការសាងសង់ផ្លូវរូងភ្នំ ជណ្ដើររូងក្រោមដី និងកន្លែងភេរវកម្មជាច្រើន សម្រាប់សកម្មភាពយោធា»៕
ក្នុងនោះ IDF ក៏បានរាយការណ៍បន្ថែមថា យន្ដហោះចម្បាំងពួកគេ បានវាយប្រហារឆ្ពោះទៅរកគោលដៅក្រុម ដែលបានបាញ់គ្រាប់រ៉ុកកែតពីតំបន់ហ្គាហ្សាផងដែរ៕
មតិយោបល់