ក្នុងពិធីសម្ពោធដាក់បញ្ចាំងរឿង«កំណត់ហេតុនាងនាថ»កាលពីយប់ថ្ងៃទី២២ វិច្ឆិកា គេកត់សម្គាល់ថាខ្សែរឿងមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះជារឿងនេះត្រូវបានផលិតដោយផលិតកម្មថ្មី។ តារាសិល្បៈល្បីឈ្មោះស្ទើរមួយចំហៀងសិល្បៈ ត្រូវគេឃើញកកកុញនៅក្នុងពិធីនោះ ខណៈដែលរឿង«កំណត់ហេតុនាងនាត» ដែលបានចាក់ផ្សាយដោយឥតគិតថ្លៃដើម្បីស្វាគមន៍ពិធីសម្ពោធនាយប់នោះ ក៏មានសភាពណែនតាន់តាប់ទាំងពីរសាលនៅLegend ផ្សារទំនើបទួលគោក ហើយត្រូវបានអ្នកទស្សនាសរសើរថាល្អមើល និងទាក់ភ្នែក។
តារាសិល្បៈ មិនថាពិធីករ ពិធីការិនី តារាសម្ដែង និង តារាចម្រៀង រួមទាំងតារាបង្ហាញម៉ូដដែលមានឈ្មោះបោះសំឡេង បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើលនាយប់នោះ ដោយពួកគេម្នាក់ៗសុទ្ធតែបានតែងខ្លួនកាលីបៗ បង្អួតសម្រស់នៅលើកំរាលព្រំដាក់គ្នាទៅវិញទៅមក ដើម្បីឲ្យអ្នកសារព័ត៌មានស្ទើរមិនបាត់មួយស្ថាប័នផ្ដិតយកមុខមាត់។ ក្រុមតារាសិល្បៈ និងភ្ញៀវកិត្តិយសដែលបានទស្សនា សុទ្ធតែចាត់ទុកថាខ្សែរឿង«កំណត់ហេតុនាងនាថ» ជាល្អប្រចាំឆ្នាំ ខណៈដែលចុងឆ្នាំ២០១៦នេះ ទំនងជាគ្មានរឿងណាដែលអាចកន្ទ្រាក់ការចាប់អារម្មណ៍បានច្រើនជាងរឿងនេះឡើយ។ យ៉ាងណាក៏ដោយ ក្ដីរំពឹងនៃភាពជោគជ័យ គឺគ្រាន់តែជាការប៉ាន់ស្មានពីក្រុមផលិតករប៉ុណ្ណោះ ដោយភាពជាក់ស្ដែងគឺមានតែការគាំទ្ររបស់អ្នកទស្សនាជាក់ស្ដែងប៉ុណ្ណោះ។
អ្នកស្រី សុឃីម ចាន់ណា ម្ចាស់ផលិតកម្មឥន្ទ្រានិមិត្តបានអះអាងថា បើទោះជាផលិតរបស់ខ្លួនគឺផលិតកម្មថ្មី ប៉ុន្តែខ្សែរឿង«កំណត់ហេតុនាងនាថ»មិនបានផលិតឡើងដោយខ្វះការមើលរំលងពីគុណភាពនោះឡើយ។ រឿងនេះក្រៅពីចំណាយទុនអស់ខ្ពស់ ក៏ត្រូវបានចាត់ទុកថាជារឿងដែលទទួលបានការសរសើរពីសំណាក់អ្នកជំនាញកុនផងដែរ ទើបអ្នកស្រីរំពឹងថារឿងនឹងផ្ទុះ ហើយមានអ្នកទស្សនាច្រើន បើទោះជាមិនទាន់ច្បាស់ពីប្រាក់ចំណេញទទួលបាន។ រឿងនេះ នឹងដំណើរការដាក់បញ្ចាំងគ្រប់រោងចាប់ពីថ្ងៃទី២៤ វិច្ឆិកាតទៅ ដោយរយៈពេលនៃការដាក់បញ្ចាំងនឹងអាចបានច្រើនថ្ងៃ ឬតិចថ្ងៃអាស្រ័យលើតួលេខអ្នកទស្សនា។អ្នកស្រីថារឿងនេះសម្ដែងដោយតារាសម្ដែងជាជនជាតិខ្មែរឥស្លាម។
តោះងាកមើលមកទស្សនាទិដ្ឋភាពក្នុងពិធីសម្ពោធរឿងនាងនាថបាត់ដំបងវិញតើមានភាពកក្រើកកម្រិតណា៖
មតិយោបល់