ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន» បានកាដូជាង២០ម៉ឺនដុល្លារថ្ងៃខួប

កាលពីយប់ថ្ងៃទី១៨ មករា តារាចម្រៀងប្រចាំផលិតកម្មBN កញ្ញា ច័ន្ទ ម៉ាលីស ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ «ទាល់តែយូរបានស៊ីអូនបាន» បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធមនៅភោជនីយដ្ឋានឌឹហ្វេនស៊ី នៅម្ដុំផ្លូវសន្ធរម៉ុក។ អ្វីដែលគេកត់សម្គាល់ថានោះ គឺនាងទទួលបានកាដូគ្រឿងពេជ្រ តម្លៃជិត២ម៉ឺនដុល្លារ និងកាដូភោជនីយដ្ឋានធំមួយ នៅខេត្តព្រៃវែងតម្លៃ២០ម៉ឺនដុល្លារ។

ច័ន្ទ ម៉ាលីស បានអះអាងថាក្រោយការប្រកាសបិទចោលបទចម្រៀង «ទាល់តែយូរបានស៊ីអូនបាន» នាងក៏បានហក់ចូលផលិតកម្មBN ដោយពេលខាងមុខនឹងត្រៀមវាយលុកបទចម្រៀងOriginal Song តែម្ដង ដើម្បីវាយលុកទីផ្សារ។ នាងថាសោកស្ដាយដែលបទ «ទាល់តែយូរបានស៊ីអូនបាន» ក្លាយជាបទប្រតិកម្ម ប៉ុន្តែក៏អរគុណបទនេះផងដែរ ដែលជួយអោយមហាជនបានស្គាល់រូបនាង។ នាងថាការងារសិល្បៈ គ្រាន់តែជាការងារបន្ទាប់បន្សំប៉ុណ្ណោះ ដោយសារតែមុននេះបន្ដិចគ្រួសារ របស់នាងក៏មានភោជនីយដ្ឋានធំមួយ ដែលចំណាយទុនប្រមាណ២០ម៉ឺនដុល្លារ នៅខេត្តព្រៃវែង អោយនាងជួយមើលខុសត្រូវ។ នាងថាបើទោះជាមានមុខជំនួញ ប៉ុន្តែមិនមានគម្រោងទម្លាក់ដៃពីការងារសិល្បៈនោះទេ ទើបនាងសម្រេចចិត្តហក់ចូលផលិតកម្មBN ហើយប្រើយុទ្ធសាស្រ្តផលិតបទ Original ប្រកួតប្រជែង។

ងាកមកកាន់ពិធីខួបកំណើតរបស់នាងវិញ នាងធ្វើត្រឹមតែជាង១០តុប៉ុណ្ណោះ ដោយសារតែនាងប្រារព្ធឡើងរាល់ឆ្នាំ ហើយមិនចង់រំខានភ្ញៀវច្រើន។ នៅក្នុងពិធីនោះនាងបានបកស្រាយបទ «ទាល់តែយូរទើបស៊ីអូនបាន» ដោយនាងប្រកាសបទនេះហើយដែលធ្វើអោយច័ន្ទ ម៉ាលីស ត្រូវគេស្គាល់ក្នុងសិល្បៈ។ នៅក្នុងពិធីនោះ ម្ដាយរបស់នាងបានប្រគល់គ្រឿងពេជ្រមួយឈុតរួមមានខ្សែក ខ្សែដៃ ចិញ្ចៀន និងក្រវិលតម្លៃ១៧៥០០ដុល្លារ ដោយនាងបញ្ជាក់ថាកាដូនេះម្ដាយរបស់នាង មិនបានបង្ហើបអោយដឹងមុនពេលយកមកប្រគល់អោយនោះទេ។ អ្វីដែលគេភ្ញាក់ផ្អើលទៅទៀត គឺម្ដាយរបស់នាងបានបញ្ជាក់ថា ក្រោយថ្ងៃខួបកំណើត ភោជនីយដ្ឋានប្រចាំគ្រួសារ ដែលបានចំណាយទុន ២០ម៉ឺនដុល្លារនៅខេត្តព្រៃវែង ក៏ប្រគល់អោយនាងធ្វើជាថៅកែផ្ដាច់មុខ បន្ទាប់ពីបង្រៀនអោយនាងចេះមើលខុសត្រូវ ហើយយល់ថាអាចគ្រប់គ្រងបាននោះផងដែរ។ ម្នាក់ៗមានកាករកោតសរសើរចំពោះតារាចម្រៀងរូបនេះ ដែលមានសំណាងបានកាដូពីគ្រួសារ ទាំងគ្រឿងពេជ្រមួយឈុតតម្លៃជាង១៧០០០ដុល្លារ និងភោជនីយដ្ឋានធំមួយនៅខេត្តព្រៃវែង ដែលរុញអោយនាងក្លាយជាថៅកែ វ័យក្មេងយ៉ាងហ៊ឺកហ៊ាក់។ កញ្ញា ច័ន្ទ ម៉ាលីស និយាយថាសប្បាយចិត្តដែលខួបកំណើតឆ្នាំនេះ បានកាដូពីឪពុកម្ដាយជាទ្រង់ទ្រាយធំ ស្របគ្នាដែលសិល្បៈរបស់នាងក៏មានសន្ទុះ៕

មតិយោបល់