ព័ត៌មានជាតិ

Update៖ បែនដឹកដីរបស់ក្រុមហ៊ុនដឹកជញ្ជូនស្រេងSL កិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបែនដឹកដីដឹកខ្សាច់របស់ក្រុមហ៊ុនដឹកជញ្ជូនស្រេង SL មួយគ្រឿង កិនបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំនុចមុខផ្ទះ៦ជាន់ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលចរាចរណ៍ដែលចុះទៅធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបង្កកិនស្លាប់ខាងលើនេះ មានឈ្មោះ អ៊ុត ភារក្ស ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1F-5709 ធ្វើដំណើរតែម្នាក់ ស្របទិសគ្នាជាមួយរថយន្តបង្ក ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានក្រឡាច់ជាមួយនឹងដុំថ្ម ក៏បណ្តាលឲ្យដួលម៉ូតូផ្លោង ចូលក្រោមកង់រថយន្តបែនដឹកដី ពាក់ស្លាកលេខ3A-0263 ដែលកំពុងបើកស្របគ្នាទិសគ្នា កិនចំជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលរដ្ឋាន បានចុះដល់កន្លែងកើតហេតុ សហការជាមួយនិងនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា ពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់