ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ី ហ្សិនយ៉ា ទុកមុខរបរសំណង់ ត្រលប់មកសម្ដែងជាថ្មី

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងល្បីឈ្មោះគួរសមកាលពីប៉ុន្មានឆ្នាំមុន អ្នកនាង ម៉ី ហ្ស៉ិនយ៉ា គឺជាម្ចាស់ក្រុមហ៊ុនទទួលសេវាកម្មបុកគ្រឹះខាងផ្នែកសំណង់ធំដុំ បន្ទាប់ពីអ្នកនាងបានរៀបការជាមួយបុរសជាម្ចាស់មុខជំនួញ។ អ្នកនាងត្រូវគេដឹងថាបានបោះបង់ការសម្ដែងមួយរយៈ ដោយទើបតែបានត្រលប់មកវិញនាពេលថ្មីប៉ុណ្ណោះ ព្រមជាមួយនឹងការប្រកាសថា ដោយសារតែស្ដាយសិល្បៈខ្លាំងពេក។

តារាដែលគេឃើញមុខច្រើនមិនថាព្រឹត្តិការណ៍តូចធំរបស់តារាសិល្បៈ «គ្រួសារតារាកម្ពុជា»រូបនេះ បានអះអាងថាក្រោយការត្រលប់មកវិញ នាងបានទទួលឱកាសសម្ដែងបានច្រើនគួរសម បើទោះជាមិនទាន់ស្មើដើមមុនពេលអ្នកនាងដកខ្លួនពីសិល្បៈកាលពីមុនរៀបការ។ អ្នកនាងថាការសម្ដែងជាគឺជាចលករជួយអោយអ្នកនាងបានស្គាល់ស្វាមី ហើយដោយសារតែត្រូវសម្ងំមើលថែគ្រួសារ និងត្រូវការពេលវេលាពង្រឹងមុខជំនួញខាងផ្នែកទទួលបុកគ្រឹះដែលស្វាមីបោះទុន អោយបានជោគជ័យ ទើបអ្នកនាងមិនទទួលការសម្ដែងសឹងនឹងធ្វើអោយមហាជន និងផលិតករមួយចំនួនភ្លេចមុខ។ អ្នកនាងថាទើបតែបានចាប់ផ្ដើមទទួលការសម្ដែងឡើងវិញ ប្រមាណជាប៉ុន្មានខែចុងក្រោយប៉ុណ្ណោះ ដោយឱកាសសម្ដែងរបស់អ្នកនាង ក៏បានតំណែងជាតួអង្គធំៗបន្តបន្ទាប់ ក្នុងរឿងភាគទូរទស្សន៍ ជាពិសេសគឺរឿង«ផ្កា៤ទង» ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍CTN មិនទាន់ចប់នៅឡើយ។ ការត្រលប់មកសម្ដែងនេះ បណ្ដាលមកពីអ្នកនាងគិតថាខ្លួននៅមានទីផ្សារ និងមកពីវ័យរបស់នាងមិនស្ថិតក្នុងការប្រឈមដូចតួសម្ដែងក្មេងៗ ដែលត្រូវផលិតករតម្រូវអោយសម្ដែងអោយតារាប្រុសឱបរឹត។ អ្នកនាងថាផលិតករអោយអ្នកនាងសម្ដែងតែជាតួម្ដាយ ឬ ជាតួបងស្រីប៉ុណ្ណោះ ទើបអ្នកនាងសម្រេចចិត្តទទួលការសម្ដែង ហើយស្វាមីរបស់អ្នកនាងក៏ពេញចិត្ត។ ម្យ៉ាងមកពីអ្នកនាងឃើញថា ការសម្ដែងដែលខ្លួនទទួលមិនត្រូវផលិតករហៅថតរាល់ថ្ងៃ ដែលនាំអោយប៉ះពាល់ដល់ការងារក្រុមហ៊ុនផ្នែកបុកគ្រឹះផង ទើបនាងយល់ថាមិនប៉ះពាល់គ្នា។ អ្នកនាងថាមិនភ័យរឿងមានរង្គោះរង្គើស្នេហានោះទេ ដោយសារតែអ្នកនាង និងស្វាមីមានកូនពីរបីជាមួយគ្នាហើយ ហើយអ្នកនាងទៀតសោត ក៏មិនមែននៅក្មេងដែលជាជម្រើសរបស់បុគ្គលណាមួយក្រោយការត្រលប់ចូលមកសម្ដែងកុន។ អ្នកនាងនិយាយថា «ការពិតសិល្បៈបើយើងមានប្ដីខ្លាចចេញតែខ្លាចមានបញ្ហាចឹងមែន (បែកបាក់) តែលូវយើងវ័យជ្រេហើយហ្នឹង ចឹងវាអត់មានអីត្រូវបារម្ភទេ សំខាន់ចិត្តយើង ហើយប្ដីក៏អត់មានប្រច័ណ្ឌអីដែរ ដោយសារគាត់ឃើញខ្ញុំដើរតួជាតួចាស់ទុំ!»។ អ្នកនាងថាខ្លួន នៅតែមានពេលវេលាជួយមើលខុសត្រូវការងារក្រុមហ៊ុនជាធម្មតា ដោយសារតែការថតកុន ក៏រវល់តែមួយខ្យល់ៗ ក្នុងពេលកុងត្រា។

អ្នកនាងម៉ី ហ្ស៉ិនយ៉ា ប្រកាសការត្រលប់មកសម្ដែងជាថ្មី គ្រាន់តែតែដើម្បីរំលឹកស្នាដៃចាស់កុំអោយបាត់ឈ្មោះ និងចង់លម្ហែចិត្តកុំអោយអផ្សុកប៉ុណ្ណោះ ប៉ុន្តែបើអោយអ្នកនាងចូលសម្ដែង ព្រោះចង់មានចង់បានដូចកាលក្មេងក៏មិនមែននោះដែរ។ ជាមួយគ្នានោះអ្នកនាងក៏មមាញឹកខ្លាំង ក្នុងកិច្ចការសប្បុរសធម៌ផងដែរ ដើម្បីរួមចំណែកបានជួយដល់សង្គម បានលើកតម្លៃវិស័យសិល្បៈ និងសំខាន់ជាងគេគឺបានជួបជុំមិត្តភ័ក្ត្រ បង្កើនភាពជិតស្និទ្ធិក្រោយបាត់មុខ៕

មតិយោបល់