នៅថ្ងៃទី២៩ កញ្ញា នេះ គ្រួសារតារាកម្ពុជា នឹងបើកព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំជួយរៃអង្គាសថវិកានិស្សិតសាកលវិទ្យាល័យន័រតុន ដើម្បីប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្រោមការរៀបចំរបស់សាកលវិទ្យាល័យន័រតុន នៅទីតាំងរបស់សាកលវិទ្យាល័យនៅជ្រោយចង្វារត្រើយខាងកើត។ ក្រៅពីវត្តមានតារាចម្រៀងល្បីឈ្មោះច្រើនរូប តារាកំប្លែងល្បីៗក៏ត្រូវគេឃើញប៉ះគ្នាយ៉ាងច្រើនផងដែរនៅក្នុងព្រឹត្តិការណ៍មួយនេះ។
តារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងទាំងនោះត្រូវគេឃើញដើរតួនាទីជាពិធីករជាពិធីការិនីលើវេទិកា មួយចំនួនត្រូវកំប្លែង ត្រូវច្រៀង និងមួយចំនួនត្រូវកាន់ហិបរៃអង្គាសថវិកាក្នុងចំណោមនិស្សិតដោយផ្ទាល់ ដើម្បីញាំងអោយព្រឹត្តិការណ៍ទាំងមូលកាន់តែមានភាពឱឡារិក និងទទួលបានជោគជ័យ។ តារាកំប្លែងល្បីឈ្មោះដែលមានវត្តមាននៅថ្ងៃទី២៩ កញ្ញា លើព្រឹត្តិការណ៍កម្រាលព្រំនោះរួមមាន
នាយចឺម៖ លោកចូលរួមក្នុងព្រឹត្តិការណ៍នេះគឺដើម្បីទៅច្រៀងបទចម្រៀង៣បទ ដោយការឡើងច្រៀងរបស់លោកគឺត្រូវធ្វើឡើងនៅម៉ោង៦ជាង ដែលជាម៉ោងពេលតារាល្បីៗឡើងឆាកបណ្ដាក់គ្នា។ មានការរំពឹងថាតារាកំប្លែងរូបនេះក៏នឹងទាញអ្នកគាំទ្របានច្រើនមិនចាញ់តារាចម្រៀងល្បីឈ្មោះផ្សេងទៀតផងដែរ ដោយសារតែលោកគឺជាតារាកំប្លែងល្បី ហើយមានបទផ្ទុះៗនាពេលចុងក្រោយនៅផលិតកម្មសាន់ដេ។
រ៉ូលីន៖ ស្រីស្អាតលេចធ្លោក្នុងចំណោមតារាភេទទី៣រូបនេះ នឹងឡើងកូកម្មវិធីកម្រាលព្រំរបស់គ្រួសារតារាកម្ពុជានៅវេលាម៉ោងជិត៧យប់ ដោយកញ្ញានឹងឡើងច្រៀងរាំ ហើយកំប្លែងមួយប្រាវជាមួយកញ្ញាប៉ុបពី ដើម្បីញាំងអោយកម្មវិធីផ្ទុះសំណើចមិនខុសពីឆ្នាំមុន។
ប៉ុបពី៖ តារាកំប្លែងភេទទី៣រូបនេះ នឹងបង្ហាញសកម្មភាព២នៅលើកម្រាលព្រំ គឺទី១កាន់ហិបរៃអង្គាសក្នុងចំណោមនិស្សិត និងទី២ឡើងកូជាមួយតារាកំប្លែងមួយរូបទៀតនៅលើវេទិកា។ កញ្ញាក៏នឹងត្រៀមបង្អួតភាពស្រស់ស្អាតអោយលេចធ្លោនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនោះផងដែរ។
ប៉េងប៉ោង៖ តារាកំប្លែងល្បីឈ្មោះរូបនេះ ក៏ចូលរួមនៅក្នុងព្រឹត្តិការណ៍នោះដែរ ដោយអ្នកនាងនឹងឈរកាន់ហិបដោយផ្ទាល់ដើម្បីជួយរៃអង្គាសថវិការបស់និស្សិតសាកលវិទ្យាល័យន័រតុន ដើម្បីប្រមូលលុយជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ អ្នកនាងមិនមានគម្រោងឡើងច្រៀង ឬកំប្លែងនោះទេ ដោយសារតែក្នុងវេទិកានោះមានតារាចូលរួមច្រើន ហើយអ្នកនាងចង់ផ្ដល់ឱកាសអោយតារាជំនាន់ក្រោយច្រើនជាង។
នាយព្រែក៖ នៅថ្ងៃទី២៩ កញ្ញានេះ លោកនឹងកាន់តួនាទីជាពិធីករកំប្លុកកំប្លែងជាមួយនឹងពិធីករ និងពិធីការិនីល្បីឈ្មោះ៤រូប ដោយមានការរំពឹងថាវត្តមានរបស់លោកក៏ពិតជាធ្វើកក្រើកនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
សុភក្ត្រ កុសុម៉ា៖ ក្នុងពិភពសិល្បៈគេស្គាល់ថាកញ្ញាជាតារាចម្រៀង និងពិធីការិនីច្រើនជាង ប៉ុន្តែក្រោយពេលកញ្ញាមានឱកាសបានក្លាយជាសមាជិករបស់ក្រុមកំប្លែងយុវវ័យនៅទូរទស្សន៍បាយ័ន កញ្ញាក៏ត្រូវគេចាត់ទុកថាជាតារាកំប្លែងដែលមានប្រជាប្រិយភាពមួយរូបផងដែរ។ កញ្ញានឹងបង្ហាញខ្លួននៅក្នុងកម្មវិធីកម្រាលព្រំលើកនេះក្នុងនាមជាពិធីការិនី ដៃគូជាមួយនាយព្រែក ដោយវត្តមានរបស់កញ្ញាក៏ពិតជាធ្វើអោយមានការចាប់អារម្មណ៍មិនខុសគ្នា។
នាយក្រូច៖ នៅថ្ងៃទី២៩ កញ្ញានេះ លោកនឹងដើរតួជាអ្នកកាន់ហិបដើម្បីគន្ធបុប្ផា ដោយនៅចុងកម្មវិធីក៏មានការបង្ហាញសមត្ថភាពច្រៀងរាំ និងកំប្លែងជាមួយប្អូនស្រីរបស់លោកដើម្បីអោយផ្អើលវេទិកាផងដែរ។
ស្រីអ៊ីត៖ មិនខុសពីបងប្រុសអ្នកនាងក៏បានស្ម័គ្រចិត្តបង្ហាញខ្លួននៅលើកម្រាលព្រំរបស់គ្រួសារតារាកម្ពុជា ដើម្បីកាន់ហិបរៃអង្គាសថវិកាដោយផ្ទាល់ និងឡើងកំប្លែងខ្លីជាមួយនាយក្រូចជាបងប្រុសផងដែរ។ អ្នកនាង និងបងប្រុសបានបង្ហាញខ្លួនជាលើកទី២ហើយជាមួយគ្រួសារតារាកម្ពុជា តែជាលើកទី១ សម្រាប់ព្រឹត្តិការណ៍កម្រាលព្រំក្រហមនៅសាកលវិទ្យាល័យន័រតុនដែលបានធ្វើឡើង២លើក។
ក្រុមកំប្លែងយ៉េយ៉េ៖ មួយក្រុមនេះដឹងតែផ្អើលតែម្ដង ដោយសមាជិកទាំង៧រូបរបស់ក្រុមនេះនឹងឡើងកូកម្មវិធីនៅវេលាម៉ោងប្រមាណជា៤រសៀល ដែលពិតជាធ្វើអោយមហាជនផ្ទុះសំណើចផ្អើលសាកលវិទ្យាល័យន័រតុនតែម្ដង។ នេះជាលើកទី២ហើយដែលក្រុមយ៉េយ៉េ រួមមានស្រីស្អាតផេនខេក និងស៊ីងស៊ីងជាដើម បង្ហាញខ្លួននៅលើកម្រាលព្រំរបស់គ្រួសារតារាកម្ពុជា តែជាលើកទីដំបូងដែលក្រុមល្បីឈ្មោះនេះបានបង្ហាញខ្លួននៅសាកលវិទ្យាល័យន័រតុន។
អ្នកនាងស៊ុនណារី ម៉ូនីកា៖ តារាជើងចាស់ដែលជាប់ឈ្មោះខាងកំប្លុកកំប្លែងមិនចេះរីងស្ងួតរូបនេះ ក៏មានមុខនៅថ្ងៃទី២៩ កញ្ញានេះ ដែរ ក្នុងនាមជាអ្នកកាន់ហិប ដើម្បីផ្ដល់ឱកាសអោយសិស្សនិស្សិតបានថតរូបជាមួយអ្នកនាងដោយផ្ទាល់ បន្ទាប់ពីអ្នកនាងបានឡើងបកស្រាយបទចម្រៀង៤បទកាលពីថ្ងៃទី២៧ កញ្ញា រួចហើយ។
ព្រឹត្តិការណ៍នេះក៏មានការផ្សាយផ្ទាល់ទាំងស្រុងនៅលើផេក Post News Media ផេក Post Komsan និង ផេក«គ្រួសារតារាកម្ពុជា»តាំងពីម៉ោង៣រសៀលរហូតដល់ចប់ផងដែរ៕
មតិយោបល់