ខណៈដែលសាច់រឿង JailBreak (ការពារឧក្រិដ្ឋជន) នឹងដាក់បញ្ចាំងនៅសៀមរាប ក្នុងថ្ងៃនេះ និងនៅភ្នំពេញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នោះ ផលិតករខ្សែភាពយន្តនេះបានលើកឡើងថា លោកនឹងបន្តយកក្បាច់គុនខ្មែរថ្មីមួយទៀត ដាក់ក្នុងខ្សែភាពយន្តក្រោយរបស់លោក។
បើទោះបីជាមានការលើកសរសើរសម្រាប់ខ្សែភាពយន្ត JailBreak ល្អមើល ប្លង់ថតអស្ចារ្យ ប៉ុន្តែសម្រាប់ផលិតករ លោក Jimmy Henderson នៅមិនទាន់បានបង្ហាញទំនុកចិត្តជឿជាក់នៅឡើយ ខណៈដែលមិនទាន់បានឃើញពីលទ្ធផលជាក់ស្តែង ។
ក្នុងបទសម្ភាសន៍ ផ្ទាល់ជាមួយ Post Komsan ក៏ដូចជា Post News Media កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ លោក Jimmy Henderson បានបង្ហាញចំណាប់អារម្មណ៍ថា បើសិនជាខ្សែភាពយន្ត JailBreak ទទួលបានជោគជ័យ នោះ លោកនឹងផលិតខ្សែភាពយន្តនេះវគ្គ២ ដោយលើកយកក្បាច់គុនខ្មែរថ្មីមួយទៀត បញ្ចូលក្នុងសាច់រឿងរបស់លោក។
«ដោយសារតែខ្ញុំរស់នៅស្រុកណាចឹង ខ្ញុំចាប់អារម្មណ៍ លើក្បាច់គុនស្រុកហ្នឹង ចឹងខ្ញុំនៅស្រុកខ្មែរ ខ្ញុំដឹងថា ក្បាច់គុនល្បុក្កតោ ដែលស្ទើរតែបាត់បង់នៅ សម័យខ្មែរ ក្រហម នៅពេលដែលខ្ញុំស្វែងយល់ពីក្បាច់នេះទៅ ខ្ញុំមានចំណាប់អារម្មណ៍ ឃើញថា មានសាច់ស្នៀត សាកសមនឹងសាច់រឿង ពេលថតទៅ ចឹងហើយក៏ដាក់បញ្ចូលតែម្តងទៅ»។ នេះជាសម្តីរបស់លោក Jimmy Henderson ។
លោកបានបន្តទៀតថា ជាគោលបំណងបើសិនជា JailBreak ចាក់បញ្ចាំងទៅទទួលបានជោគជ័យ ខ្ញុំនឹងបន្តនឹងធ្វើរឿងនេះវគ្គថ្មី ដោយផ្តោតទៅលើ ក្បាច់គុនខ្មែរអាចជាប្រដាល់ ហើយជាពិសេស ចង់ឲ្យពិភពលោកស្គាល់ តួសម្តែងរបស់ខ្មែរ និងក្បាច់គុនរបស់ខ្មែរ ៕
មតិយោបល់