ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជិះរ៉ឺម៉កកង់បីម្នាក់ឯងទៅដឹកមិត្តរួមការងារ តែមិនប្រយ័ត្នក៏ជ្រុលទៅបុកលូ ដែលគេដាក់នៅលើផ្លូវបេតុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវហាន់ណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។
យុវជនដែលស្លាប់ខាងលើមានឈ្មោះ សយ សិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតភូមខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីបុរសម្នាក់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសខាងលើបើករឺម៉កកង់បី ស្លាកលេខភ្នំពេញ1AJ-9832 និងម៉ូតូសណ្តោងម៉ាកសង់ (មុខហើម) ពណ៌ក្រហម ធ្វើដំណើរតាមបណ្តោយផ្លូវហាន់ណូយក្នុងល្បឿនល្មមទៅដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបើកទៅចូលលូ ដែលគេដាក់នៅលើផ្លូវ បណ្តាលឱ្យស្លាប់តែម្តង។
តាមប្រភពពីអ្នកស្គាល់សពខាងលើបានឱ្យដឹងថា ជនរងគ្រោះបានបើករ៉ឺម៉កចេញទៅដឹកមិត្តរួមការងារ ដែលធ្វើការរោចក្រជាមួយគ្នាជារាងរាល់ព្រឹកមិនដែលមានបញ្ហាអ្វីឡើយ ទើបតែថ្ងៃនេះជួបរឿងដូច្នេះ។
ក្រោយពីកើតហេតុសព ត្រូវបានសាច់ញាតិដឹកទៅបូជានៅបច្ឆាក្រោយវត្តសុវណ្ណមុនីវង្ស៕
https://youtu.be/Xp1CmNPG3Pg
មតិយោបល់