បើទោះបីជាលោក សាន ផានិត បច្ចុប្បន្នមានកេរ្តិ៍ឈ្មោះ ស្ទុះឡើងដោយប្រសើរជាងមុនបន្តិចក្តី ប៉ុន្តែតារាចម្រៀងចាស់វស្សា រូបនេះ នៅតែលើកសរសើរដល់តារាចម្រៀង ខេមរៈ សិរីមន្ត អំឡុងពេលលោក(សាន ផានិត) ធ្លាក់កូដ ឆ្ងាយពីសិល្បៈ។
កេរ្តិ៍ឈ្មោះ ស្ទុះឡើងនេះ បន្ទាប់ពីលោក សាន ផានិត បានចេញបទស្នាដៃកូនខ្មែរពីរបទ ក្នុងនោះ មានបទ «គ្មានសិទ្ធិ» និង បទ«ផ្កាយព្រះអង្គារ» បំពេរអារម្មណ៍ទស្សនិកជនកន្លងមក។
ងាកទៅកាន់ប៉ុន្មានឆ្នាំមុនអំឡុងពេលធ្លាក់កូដ ឆ្ងាយពីសិល្បៈ លោក សាន ផានិត បានរំឭកពីទង្វើល្អរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដោយនៅតែរាប់អានលោក ដោយគ្មានទើសទាល់។
លោក សាន ផានិតថា អំឡុងពេលដែលលោកធ្លាក់កូដខ្លាំង ប៉ុន្តែលោក សិរីមន្ត នៅតែរាប់អានលោក ក្នុងនាមជារៀមច្បងក្នុងពិភពសិល្បៈ ហៅទៅញ៉ាំអាហាររួមគ្នា មិនរើសអើង ហើយអ្វីដែលកាន់តែពិសេសនោះគឺ រាល់ពេលដែល តារាចម្រៀង សិរីមន្ត ជួបលោកតែងតែលើកដៃសំពះ ក្នុងទឹកមុខបង្កប់ដោយស្នាមញញឹម ។
ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» បានបន្តថា ក្រៅពីសិរីមន្ត អំឡុងពេលធ្លាក់កូដ មានអ្នកសិល្បៈមួយចំនួន ពេលឃើញលោក សូម្បីតែលើកដៃសំពះ ឬ ញញឹមក៏គ្មានដែរ ដែលបញ្ជាក់នូវចំណុចរើសអើង អ្នកសិល្បៈដូចគ្នា ។
បើទោះបីជាយ៉ាងនេះក្តី លោក សាន ផានិត បានអះអាងថា សម្រាប់ទង្វើមិនល្អរបស់អ្នកសិល្បៈមួយចំនួន ធ្វើបែបនោះ លោកមិនប្រកាន់ខឹងនោះទេ វាជារឿងបុគ្គល តែលោកក៏មិនបង្ខំអោយនរណាគោរពដែរ។
ប៉ុន្តែអ្វីដែលអស្ចារ្យនោះ អំឡុងពេលថ្មីៗនេះ តារាចម្រៀង ខាន់ ជេមស៍ បានហៅលោក សាន ផានិត ពេញៗមាត់ថា ជាលោកគ្រូ និងជា Idol អំឡុងពេលប្រគំតន្ត្រីស្រាបៀរនៅបន្ទាយមានជ័យ។ដោយឡែកសម្រាប់ ឆាយ វិរៈយុទ្ធ វិញ ក៏មិនខុសគ្នាពី ខាន់ ជេមស៍ ដែរ ដោយសម្តែងនូវអាកប្បកិរិយា រួសរាយ រាក់ទាក់ពេលជួបលោក និងលើកដៃសំពះ ដូចគ្នា ដោយអស់ពីដួងចិត្តតែម្តង៕








មតិយោបល់