ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាច្រើននាក់ ប្រកាសប្រឆាំង សុវណ្ណ មករា បើ អ៊ុន សុធា ត្រូវអូសចូលតុលាការ

មកទល់ពេលនេះ ដំណឹងលេចឮថាលោក សុវណ្ណ មករា រៀបបណ្ដឹងដាក់ប្ដឹងលោកអ៊ុន សុធា បានធ្វើអោយឡើងកំដៅនៅក្នុងពិភពសិល្បៈយ៉ាងខ្លាំង។ តារាច្រើននាក់ដែលអះអាងថាជាជនរងគ្រោះក្រោយថតរឿងរបស់លោកសុវណ្ណ មករា ចប់ ហើយមិនបានលុយដែរ បានបង្ហាញពីការត្រៀមខ្លួនប្រឆាំងយ៉ាងពេញទំហឹង ប្រសិនបើលោកសុវណ្ណ មករា ហ៊ានរុញបណ្ដឹងអោយលោក អ៊ុន សុធា ទៅបំភ្លឺនៅតុលាការ។ តារាទាំងនោះត្រូវគេឃើញបញ្ចេញទស្សនៈស្របគ្នា និងរិះគន់យ៉ាងពេញទំហឹងចំពោះ លោកសុវណ្ណ មករា នោះផង។

ក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅក្នុងGroup គ្រួសារតារាកម្ពុជា ស្ទើរពេញរយៈពេលមួយថ្ងៃ កាលពីថ្ងៃទី១៦ មីនា តារាមួយចំនួនបានចេញមុខរិះគន់លោកសុវណ្ណ មករាយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាលោកសុវណ្ណ មករា ចង់ប្ដឹងលោកអ៊ុន សុធា រឿងបទបរិហាកេរ្តិ៍។ តារាដែលបានតាំងខ្លួនថាត្រូវលោកសុវណ្ណ មករា គេចវេះបំណុលក្រោយថតរឿងចប់ដូចគ្នា បានលើកឡើងថាលុយថ្លៃថតកុនរបស់ពួកគេមិនត្រូវបានបើកអស់នោះទេ ដោយផលិតកររូបនេះសន្យាលើកចុះលើកឡើងប្រមាណជា៣ខែហើយតាំងពីថតរឿងចប់ ហើយចុងក្រោយឆាតក៏មិនតប ទូរស័ព្ទចូលក៏មិនលើក។ តារាសម្ដែងម្នាក់ដែលត្រូវគេស្គាល់ថាមានជំនួញក្នុងដៃផង បានអះអាងថាមិនមែនតែអ៊ុន សុធា នោះទេដែលថតរឿងអោយលោកសុវណ្ណ មករា ចប់មិនបានលុយ គឺសូម្បីតែតារាផ្សេងទៀត ក៏ផលិតកម្មរបស់លោកមិនបើកលុយអោយនោះដែរ ដោយគ្រាន់តែពួកគេមិនហ៊ានចេញមុខទាលុយដូចលោកអ៊ុន សុធា។ តារាស្រីម្នាក់ផ្សេងទៀត ដែលត្រូវគេស្គាល់ថានិយមសម្ដែងជាតួម្ដាយ និងតួបងស្រី ក៏បានលើកឡើងដូចគ្នាផងដែរ ដោយថាលោកសុវណ្ណ មករា មិនព្រមបើកលុយអោយតួ ដល់ពេលតួប្រកាសជាសាធារណៈក៏ចង់ប្ដឹងពីបទបរិហាកេរ្តិ៍។ ក្រៅពីតារាស្រីទាំង២ តារាផ្សេងទៀត ក៏រួមគ្នាបញ្ចេញគំនិតយ៉ាងផុសផុល ថាខ្លួនក៏មិនបានទទួលលុយគ្រប់ពីការថតរឿងចប់ដូចគ្នា និងគាំទ្រថាអ្វីដែលអ៊ុន សុធា ធ្វើ ដើម្បីធ្វើអោយផលិតករមួយរូបមានការទទួលខុសត្រូវចំពោះតួដែលប្រឹងធ្វើការ ប្រឹងថត ហើយចុងក្រោយអត់បានលុយ។ ក្នុងកិច្ចពិភាក្សានោះតារាៗដែលអះអាងថាពួកខ្លួនសុទ្ធតែបានរងគ្រោះ បានប្រកាសយ៉ាងក្ដែងៗថាបើលោក សុវណ្ណ មករា ចង់លេងជាមួយអ៊ុន សុធា នោះពួកគេនឹងបង្ហោះពីរឿងមិនបានលុយពីសុវណ្ណ មករា អោយព្រមៗគ្នា ដើម្បីអោយបានដឹងថាអ្វីដែលអ៊ុន សុធា ផុស គ្រាន់តែដើម្បីទទួលបាននូវថវិកាជាកម្លាំងរបស់តួសម្ដែង។ លោកសុវណ្ណ មករា នៅតែខលមិនលើកមកទល់នឹងព្រឹកថ្ងៃទី១៧ មីនានេះ ខណៈដែលលោកអ៊ុន សុធា បានសារភាពថាបានដឹងពីរឿងលោកសុវណ្ណ មករា ចង់ប្ដឹងនោះហើយ ដោយលោកប្រកាសថាបើលោកសុវណ្ណ មករា មិនចង់ចប់ លោករីករាយតតាំងនៅតុលាការ។ លោកថាមានតួច្រើនណាស់នឹងនៅពីក្រោយលោក ហើយបើទោះជាគ្មានកម្លាំងរួមគ្នាពីតារាផ្សេងទៀត ក៏លោកមានកិច្ចកុងត្រា និងឯកសារក្នុងដៃបញ្ជាក់ថាលោកសុវណ្ណ មករា រំលោភលើកិច្ចព្រមព្រៀងក្រោយពេលថតរឿងចប់នោះដែរ៕

មតិយោបល់