ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសិល្បៈកាន់តែច្រើនឡើង លើកគ្នាទៅបុណ្យភរិយាហុងដា មុនម៉ោងបូជា

នៅវេលាម៉ោង៧ ល្ងាចថ្ងៃទី១២ ឧសភា នេះ សពភរិយារបស់នាយហុងដា នឹងដល់កំណត់បូជា។ អ្វីដែលគេកត់សម្គាល់គឺពិធីបុណ្យនេះ ត្រូវគេឃើញតារាសិល្ប:សម្រុកគ្នាទៅយ៉ាងច្រើនកុះករ ដែលខុសពីកម្មវិធីបុណ្យសពអ្នកសិល្ប:មួយចំនួន ដែលខ្សត់អ្នកប្រកបអាជីពដូចគ្នាចូលរួម។

នាយហុងដា និយាយថា ភរិយារបស់លោកនឹងបូជា នៅម៉ោង៧ ល្ងាចនេះ ក្នុងវត្តទួលសង្កែ ដោយសារតែលោកមិនចង់បន្តទុកយូរព្រោះសពមានក្លិនមិនល្អខ្លះ ដោយសារតែអ្នកនាងដេកស្លាប់ច្រើនម៉ោង ទើបមានការភ្ញាក់ផ្អើល។ លោកបានបង្ហាញនូវភាពកក់ក្ដៅ ដោយសារបុណ្យសពភរិយាលោក ក្រៅពីមានតារាមួយចំនួនមកកំដរសពរួមសុខរួមទុក្ខ ក៏មានតារាច្រើននាក់លើកគ្នាមកចូលរួមផ្តល់ជាកម្លាំងចិត្ត និងចូលបច្ច័យដល់លោកផងដែរ។

លោកថាភរិយារបស់លោក ក៏ជាតារាផងដែរ ប៉ុន្តែមកពីនាងនៅមិនទាន់មានស្នាដៃច្រើន ទើបមិនសូវមានអ្នកស្គាល់។ យ៉ាងណាមិញលោកថាសប្បាយចិត្ត ដែលក្នុងពិធីបុណ្យភរិយារបស់លោក មានវត្តមានតារាជាច្រើន។ វត្តមានតារាទាំងនោះត្រូវគេឃើញបង្ហាញខ្លួនទាំងតារាដែលបានរួមសម្ដែងជាមួយលោក និងតារាក្មេងដែលមិនធ្លាប់បានរួមសម្ដែងជាមួយលោកហុងដានោះផងដែរ។ ផលិតករ និងម្ចាស់ផលិតកម្មមួយចំនួនក៏ឃើញបង្ហាញខ្លួនផងដែរ ទើបពិធីបុណ្យសពភរិយារបស់លោក មានតារាចូលរួមបណ្ដាក់គ្នា៕

មតិយោបល់