យោងតាមការអះអាងថា ផលិតកររឿង«អាគមស្បែកដាច» គឺកីឡាករជាតួសម្ដែង និងជាអ្នកអាជីពក្បាច់គុនល្បុកតោ រហូតដល់៤០រូប ត្រូវបានភាពយន្តមួយនេះ កុងត្រាចងជើង ដោយមិនឲ្យមានសិទ្ធិទទួលការសម្ដែងក្នុងរឿងផ្សេងបាន។ ផលិតករទាមទារឲ្យតារាសម្ដែងនោះ ផ្ដាច់ខ្លួនតែម្ដង ពីការងារសិល្បៈផ្សេងៗ ដើម្បីចំណាយពេលហ្វឹកហាត់ល្បុកតោ៣ខែពេញ និងត្រៀមថតជិត៣ខែទៀត ដែលក្នុងតួម្នាក់ត្រូវចំណាយពេលដល់ជិតកន្លះឆ្នាំឯណោះទម្រាំរួចខ្លួន។ ផលិតកររំពឹងថាគោលការណ៍របស់ខ្លួន នឹងធ្វើឲ្យរឿងមួយនេះ រស់រវើកក្នុងឈុតវាយតប់ និងបាញ់ប្រហារ មិនចាញ់រឿង«Jailbrak ការពារឧក្រិដ្ឋជន» ដែលបានល្បីល្បាញកក្រើកសិល្បៈខ្មែរនោះផង។
កញ្ញា ថៅ ពេជ្រអម្រិត អ្នកចាត់ការទូទៅប្រចាំផលិតកម្មទេពនិករភាពយន្តបានអះអាងថា កញ្ញារំពឹងថាភាពយន្តរឿង «អាគមស្បែកដាច» នឹងក្លាយជារឿងផ្ទុះខ្លាំងក្រោយពេលថតចប់ ដោយសារតែនាង និងក្រុមការងារបានតម្រូវឲ្យតួហ្វឹកហាត់រហូតដល់៣ខែសម្រាប់តារាសម្ដែងម្នាក់ៗ ដើម្បីឲ្យរឿងដែលត្រូវចេញថតមានភាពរស់រវើក។ នាងថា តារាសម្ដែងរឿងនេះ នាងអត់ខ្វល់ថាអ្នកនោះជាអ្នកល្បីឬមិនល្បីនោះទេ ប៉ុន្តែអ្វីដែលនាងចង់បានគឺអាចសម្ដែងជាតួវាយតប់ និងបាញ់កាំភ្លើងបាន។ នាងថាឈុតធំនៅក្នុងរឿងនេះ គឺការបំផ្ទុះទីក្រុង និងកម្ទេចស្ពានដោយក្រុមពួកចោរ ហើយក៏មានការវាយកម្ចាត់ដោយក្រុមប៉ូលិស ដែលមានក្បាច់គុនរស់រវើក។ រឿងនេះក៏មានលាយឡំដោយអាថាន់កូនក្រក និងបារមីមន្តអាគមផងដែរ ទើបនាងប្រកាសថានឹងក្លាយជាភាពយន្តធំមួយ ដែលបានលើកឡើងពីក្បាច់គុនរវើកនិងលាយដោយអាគម ជាជំនឿរបស់ខ្មែរ។ នាងថារឿងនេះចេញថតនៅថ្ងៃទី១៧ ឧសភា ដោយទីតាំងសំខាន់ៗគឺកោះកុង និងបណ្ដាខេត្តមួយចំនួន ហើយទីក្រុងដូចជាចំណុចអាគារខ្ពស់ក៏ត្រូវថតច្រើនផងដែរ ទើបនាងនិយាយថារឿងនេះចាយលុយធំមិនក្រោម១០ម៉ឺនដុល្លារទម្រាំថតចប់។ នាងគម្រោងធ្វើឲ្យភាពយន្តរឿង «អាគមស្បែកដាច» ក្លាយជារឿងវាយប្រហារល្អមើលមិនចាញ់រឿង «Jailbreak ការពារឧក្រិដ្ឋជន» ដោយនាងបញ្ជាក់ថាទាំងឧបករណ៍ និងក្រុមការងារផលិតសុទ្ធតែមានជំនាញធ្វើរឿងវាយតប់បានល្អមិនខុសគ្នានឹងក្រុមផលិតរឿង«Jailbreak ការពារឧក្រិដ្ឋជន»។ ភាពយន្តនេះគម្រោងដាក់បញ្ចាំងតាមរោងនៅអំឡុងចុងឆ្នាំហើយ ហើយផលិតករនឹងធ្វើរឿងវគ្គទី២បន្តទៀតប្រសិនបើមានការគាំទ្រក្រោយពេលផលិត។ កញ្ញាបន្តថាបណ្ដាតួទាំងអស់មិនអាចគ្រាន់តែសម្អាងថាខ្លួនអាចសម្ដែងបានផលិតកម្មទទួលឲ្យសម្ដែងនោះទេ ដរាបណាពួកគេម្នាក់ៗមិនចំណាយពេលហ្វឹកហាត់ក្បាច់គុន៣ខែមុនថត និងមិនទទួលថតផ្ដាច់មុខឲ្យតែផលិតកម្មមួយក្នុងពេលថតមិនទាន់ចប់។
កញ្ញាពេជ្រ ចរណៃដែលបានសម្ដែងជាតួស្រីចោរ និយាយថាកញ្ញាមានការលំបាកដោយសារតែត្រូវចំណាយពេលហ្វឹកហាត់ល្បុកតោរាល់ថ្ងៃ និងមិនអាចទទួលថតរឿងណាផ្សេងដែលធ្វើឲ្យនាងបាត់ប្រាក់ចំណូល។ យ៉ាងណាមិញ នាងថាពេញចិត្តដោយសារតែនាងក៏ចង់អោយរឿង«អាគមស្បែកដាច»ទទួលបានការសរសើរដូចគ្នានឹងរឿង«Jailbreak ការពារឧក្រិដ្ឋជន»៕
មតិយោបល់