នៅទីបំផុតរឿងរ៉ាវដ៏ចម្រូងចម្រាស់រវាងម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត គឺអ្នកស្រី សរ កេសរ៉ា និងតារាសម្ដែងលោក ឈួន ពន្លឺ ដែលជាអតីតអ្នកចាត់ការអោយអ្នកស្រីទំនងជាត្រូវបានបញ្ចប់ដោយសារតែអ្នកស្រី បានបន្ទន់ជំហរប្រកាសសុំទៅដល់ម្ចាស់ហាង Mr.Man តាមការស្នើសុំរបស់លោកឈួន ពន្លឺ និងបានចេញមុខស្នើសុំអោយតារាសម្ដែងរូបនេះបញ្ចប់ការវាយប្រហារ និងរិះគន់ចំពោះខ្លួន។
អ្នកស្រីសរ កេសារ៉ា ដែលជាអ្នកផលិតរឿង«រ៉ូហ្សា៥»បានថ្លែងជាថ្មីថា អ្នកស្រីនឹងយល់ព្រមសុំទោសចំពោះម្ចាស់ហាងMr.Man ដែលអ្នកស្រីមិនបានបំពេញតាមការព្រមព្រៀងក្នុងរឿងដាក់Logo ផ្សព្វផ្សាយអោយអោយបានសមរម្យជាថ្នូរនឹងការផ្ដល់សំលៀកបំពាក់របស់ហាងនេះដល់តួសម្ដែងរបស់អ្នកស្រីដែលបានថតរឿង«រ៉ូហ្សា៥»តាំងពីដើមដល់ចប់។ អ្នកស្រីខ្លួននឹងណាត់ពេលវេលាជាក់លាក់ទៅសុំទោសម្ចាស់ហាងMr.Man តាមការចង់បានរបស់លោកពន្លឺ តែអ្នកស្រីសុំអោយតារាសម្ដែងរូបនេះបញ្ចប់ការបង្ហោះវាយប្រហារបង្ខូចឈ្មោះគ្រប់រឿងដើម្បីកុំអោយមានរឿងរវាងគ្នាបន្តទៀត។ អ្នកស្រីការបង្ហោះរបស់លោកឈួន ពន្លឺ បានធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយរឿង«រ៉ូហ្សា៥»ដែលបានដាក់បញ្ចាំងយ៉ាងខ្លាំង ដោយអ្នកស្រីបញ្ជាក់ថាតាំងពីមានរឿងចម្រូងចម្រាស់កើតឡើងមក គឺរឿងដែលបានដាក់បញ្ចាំងក្នុងរោងខ្វះការគាំទ្រ។ អ្នកស្រីថារឿង«រ៉ូហ្សា៥»អ្នកស្រីបានចំណាយទុនច្រើន ដោយរំពឹងថានឹងទទួលបានការគាំទ្រ ប៉ុន្តែបែរជាមានបញ្ហាដោយសារតែកើតចម្រូងចម្រាស់ជាមួយនឹងតារាសម្ដែងលោកឈួន ពន្លឺ ទើបអ្នកស្រីស្នើសុំអោយបញ្ចប់ និងយល់ព្រមសុំទោសតាមការទាមទារ។ អ្នកស្រីថាខ្លួនប្រកាសមិនទទួលខុសត្រូវមួយគ្រាមុនគឺដោយសារតែខឹងនឹងការបង្ហោះរបស់លោកឈួន ពន្លឺប៉ុណ្ណោះ តែក្រោយការកើតឡើងចម្រូងចម្រាស់ជាហូរហែរ អ្នកស្រីយល់ថាគឺអត់ចំណេញទេ ទើបអ្នកស្រីយល់ព្រមដាក់ពេលទៅជួបសុំទោសលោករតនាម្ចាស់ហាង Mr.Man ដែលអ្នកស្រីបានប្រើប្រាស់សំលៀកបំពាក់ពីហាងអស់ជាច្រើន តែមិនបានដាក់Logo អោយអោយបានសមរម្យតាមការព្រមព្រៀង។ យ៉ាងណាមិញ អ្នកស្រីមិនទាន់បញ្ជាក់ថានឹងកំណត់ពេលណាទៅសុំទោសម្ចាស់ហាងតាមការទាមទាររបស់លោកឈួន ពន្លឺនៅឡើយទេ ដោយសុំចិត្តអោយអ្នកស្រីដកឃ្លាបានបន្តិច។ អ្នកស្រីថាខ្លួននឹងអោយជំនួយការរបស់ខ្លួនទាក់ទងសួរនាំពីពេលវេលាម្ចាស់ហាងMr.Man អាចជួបបាន ហើយអ្នកស្រីនឹងចុះទៅជួបសុំទោសដោយផ្ទាល់ពាក់ព័ន្ធនឹងបញ្ហាដែលបានកើតឡើង។
លោកឈួន ពន្លឺ ដែលត្រូវគេស្គាល់ក្រោយបានតំណែងជាម្ចាស់ពានតារាសម្ដែងឆ្នើមប្រចាំទូរទស្សន៍អប្សរា បានថ្លែងប្រាប់ថាលោកសប្បាយចិត្តប្រសិនបើអ្នកស្រីសរ កេសរ៉ា ពិតជាយល់ព្រមទៅសុំទោសម្ចាស់ហាងដោយផ្ទាល់ ដើម្បីអោយម្ចាស់ហាងអស់ចិត្ត និងឈប់ខឹងសម្បារចំពោះលោកទៀត។ លោកថាក្នុងពេលសម្ដែងក្នុងរឿង«រ៉ូហ្សា៥»អោយអ្នកស្រីសរ កេសរ៉ា អ្នកស្រីបានអោយលោកធ្វើជាអ្នកចាត់ការរឿងដោយគ្រប់គ្រងរឿងតួសម្ដែង និងចាត់ការការងារក្នុងរឿងទាំងមូលដោយផ្ដល់ប្រាក់បន្ថែមអោយមួយថ្ងៃ២០ដុល្លារលើការសម្ដែង។ នៅក្នុងពេលនោះលោកថាអ្នកស្រីបានអោយខ្លួនទៅចចារជាមួយម្ចាស់Mr.Man ដើម្បីសុំអោយម្ចាស់ហាងឧបត្ថម្ភរ៉ូប និងសំលៀកបំពាក់ដល់តួសម្ដែងទាំងអស់តាំងពីដើមរឿងដល់ចប់រឿង ដោយអ្នកស្រីយល់ព្រមដាក់Logo ហាងតាំងពីលើPoster លើTrailer ក្នុងកុន និងលើផ្សាំងផ្សព្វផ្សាយរឿងពេលសម្ពោធកុនជាដើម។ ប៉ុន្តែចុងក្រោយអ្នកស្រីដាក់តែអរគុណមួយម៉ាត់ពេលចប់កុន ទើបលោកជាទទួលយកមិនបានហើយឈានដល់ការបង្ហោះនៅលើហ្វេសប៊ុកក្រោយពេលអះអាងថាទាក់ទងទៅអ្នកស្រីហើយអ្នកស្រីមិនធ្វើការឆ្លើយតប។ លោកថាខ្លួនត្រូវការតែការទទួលខុសត្រូវរបស់អ្នកស្រីសរ កេសរ៉ាចំពោះម្ចាស់ហាងប៉ុណ្ណោះ ហើយលោកក៏រង់ចាំមើលផងដែរថាអ្នកស្រីពិតជាហ៊ានសុំទោសដូចការប្រកាសចំពោះម្ចាស់ហាងឬយ៉ាងណា ដើម្បីអោយលោក និងម្ចាស់Mr.Man ដែលធ្លាប់ល្អូកល្អូនគ្នា មើលមុខគ្នាត្រង់ដូចដើម៕
មតិយោបល់