ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃីងសាន់ ធ្វើកម្មករោងចក្រសុខៗ ក្លាយជាតារាចម្រៀងផលិតកម្ម

ក្រោយប្រលងជាប់ជ័យលាភីចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងកម្មវិធី«សំនៀងឯកក្លិបសិល្បៈឌីភី»របស់ផលិតកម្មDPដែលទើបប្រកាសចំណាត់ថ្នាក់កាលពីខែមេសាឆ្នាំ២០១៧មុននេះ អតីតបេក្ខជនជាកម្មកររោងចក្រ លោក ភុន សុភ័ក្រ ហៅ ឃីងសាន់ បានអះអាងថាលោកបានកុងត្រាចូលច្រៀងក្នុងផលិតកម្មឌីភីជាផ្លូវការហើយ បន្ទាប់ពីលោកក៏បានសម្រេចចិត្តដើរចេញពីផលិតកម្មJH ទាំងមិនអាល័យកាលពីប៉ុន្មានខែមុន។

លោកថាខ្លួនទទួលបានមួយបទភ្លាមៗជាប្រភេទ Original Song នៅក្នុងផលិតកម្មឌីភី ទើបលោកយល់ថាជំហានហក់ចូលផលិតកម្មថ្មី នឹងមានទីផ្សារកំរើកឡើង។ លោកឃីងសាន់ និយាយថាក្រោយពេលចាកចេញពីខេត្តកំពង់ឆ្នាំង មកធ្វើកម្មកររោងចក្រនៅភ្នំពេញ លោកក៏បានចូលប្រឡូក អាជីពជាតារាចម្រៀង ដោយបានចូលច្រៀងក្នងផលិតកម្មHJ ប៉ុន្តែទទួលបានផ្លែផ្កាតិចតួច បើទោះជាខាងផលិតកម្មHJ បញ្ចេញអោយមួយបទក្រោមចំណងជើងថា«សម្រាប់បងគឺអូននៅតែល្អ!»បង្ហោះនៅលើYoutube ។ លោកបានសម្រេចចិត្តដើរចេញពីផលិតកម្មចាស់ ក្រោយពេលចូលប្រលងក្នុងកម្មវិធី«សំនៀងឯកក្លិបសិល្បៈឌីភី»កាលពីពាក់កណ្ដាលឆ្នាំ២០១៦ និងទើបបានប្រកាសជ័យលាភីកាលពី អំឡុងខែ៤ ក្នុងឆ្នាំ២០១៧មុននេះ ដោយលោកទទួលបានចំណាត់ថ្នាក់លេខ៣ និងសិទ្ធិកុងត្រាចូលច្រៀងក្នុងនាមជាតារាចម្រៀងរបស់ផលិតកម្មឌីភី។

លោកថាកក់ក្ដៅដោយសារតែគ្រាន់តែសម្រេចចិត្តចូលជ្រកនៅក្នុងផលិតកម្មថ្មីនេះ មិនបានមួយខែស្រួលបួលផង ម្ចាស់ផលិតកម្មឌីភី ក៏ផលិតបទ Original Song អោយមួយភ្លាមៗក្រោមចំណងជើងថា«សង្សារចិត្តខ្មៅ» បន្ថែមពីលើតំណែងអោយលោកធ្វើជាពិធីករក្នុងកម្មវិធីកម្សាន្តរបស់វិទ្យុឌីភី។ មកទល់ពេលនេះលោកថាបទចម្រៀង«សង្សារចិត្តខ្មៅ»របស់លោកទទួលបានការគាំទ្រ ក្នុងពេលដែលខាងផលិតកម្មក៏បានប្រកាសថានឹងផលិតបទចម្រៀងអោយច្រើនទៀត មុនពេលបញ្ចេញលោកអោយឡើងច្រៀងនៅតាមប៉ុស្ដិ៍ទូរទស្សន៍។ តារាចម្រៀងដែលហែលឆ្លងជីវិតជាកម្មកររោងចក្រអស់រយៈពេលច្រើនឆ្នាំរូបនេះ និយាយថា លោកមានអារម្មណ៍សប្បាយចិត្តបន្ទាប់ពីបានក្លាយខ្លួនជាតារាអាជីពដល់ទៅ២ផលិតកម្មបណ្ដាក់គ្នា ក្នុងពេលដែលការចូលជ្រកនៅផលិតកម្មចុងក្រោយ លោកចាត់ទុកថាឆ្នាំងបាយធំមួយរបស់ខ្លួន ក្រោយពេលបានតំណែងជាពិធីករវិទ្យុដែលជួយអោយលោករួចផុតពីការងាររោងចក្រផង និងធ្វើអោយលោកមាន Original Song ភ្លាមៗដើម្បីបង្អួតទីផ្សារផង។ លោកក៏ទើបមានឱកាសថតស្ពង និងសម្ដែងផ្សេងៗផងដែរនាពេលចុងក្រោយ ក្រោយពីបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម៕

https://www.youtube.com/watch?v=0w77e5k72QU

មតិយោបល់