ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន»ដាក់ពាក្យចេញពី BN

ទើបតែផ្ទុះរឿងរ៉ាវបែកបាក់រវាងមេក្រុមចម្រៀង លោកគីម ថាណា និងអ្នកស្រី នូ វាសនា ជាអតីតអ្នកគ្រប់គ្រងរួមនៅក្នុងផលិតកម្មនេះសោះ តារាចម្រៀងស្រីវ័យក្មេង នាងច័ន្ទ ម៉ាលីស ដែលត្រូវគេស្គាល់ថាជាធនធានដ៏សំខាន់របស់ផលិតកម្ម BN និងជាម្ចាស់បទ«ទាល់តែយូរទើបស៊ីអូនបាន»ស្រាប់តែបានប្រកាសពីការដើរចេញពីផលិតកម្មBN ដែរ គួរអោយភ្ញាក់ផ្អើល។

យ៉ាងណាមិញ នាងថាហេតុផលនៃការដើរចេញគឺមិនមែនដោយសារតែនាងចង់ទៅតាមអ្នកស្រី នូ វាសនា ដែលបានប្រកាសខ្លួនឈប់បន្តគ្រប់គ្រងBN ព្រោះតែ អ្នកនាងគឺជាសកម្មជនបក្ស ហើយថាមានការមិនពេញចិត្តពីមេក្រុមចម្រៀងលោកគីម ថាណានោះទេ តែថាជាហេតុផលផ្សេង។

កញ្ញា ច័ន្ទ ម៉ាលីស និយាយថានាងមិនដឹងរឿងបែកបាក់របស់មេក្រុមចម្រៀងលោក គឹម ថាណា និងអតីតអ្នកចាត់ចាត់ការទូទៅរបស់ផលិតកម្មគឺអ្នកស្រីនូ វាសនានោះទេ ប៉ុន្តែហេតុផលដែលនាងសម្រេចចិត្តដើរចេញ គឺដោយសាររតែនាងមិនចង់កុងត្រា តាមការកែប្រែលក្ខណ្ឌរបស់ក្រុមហ៊ុន។ នាងថាខ្លួនមិនអាចទទួលកុងត្រាជាមួយផលិតកម្មណាមួយបានទេ ទើបនាងសម្រេចចិត្តដាក់ពាក្យសុំឈប់ដោយនាងប្រកាសថានឹងស្វែងរកទ្រនំមួយផ្សេងទៀត ដែលផ្ដល់ឱកាសអោយនាងអាចច្រៀងបានដោយគ្មានសម្ពាធកុងត្រា។ ក្នុងនោះនាងក៏មានគម្រោងផលិតបទចម្រៀងដាក់បង្ហោះជារបស់ផ្ទាល់ខ្លួនច្រើនជាងផងដែរ ប្រសិនបើផលិតកម្មថ្មីៗមានបំណងចង់អោយនាងកុងត្រាណាមួយដែលនាងមិនចង់។ យ៉ាងណាមិញ នាងថាប្រសិនបើផលិតកម្មដែលចង់បាននាងគឺជាផលិតកម្មធំ ហើយផ្ដល់លក្ខណ្ឌអោយនាងសមរម្យនោះនាងក៏នឹងពិចារណារឿងចុះកុងត្រាផងដែរ។ នាងថាខ្លួនសម្រេចចិត្តដើរចេញគឺដោយសារតែយល់ថាផលិតកម្ម BN បានកំណត់អោយនាងកុងត្រា ហើយនាងបារម្ភខ្លាចក្រោយជាប់កុងត្រា គឺមិនអាចស្ទួយអោយនាងបានល្បីតាមការព្រមព្រៀងដែលធ្វើអោយនាងមានសម្ពាធទៅវិញ។

ឆ្លើយតបនឹងការសម្រេចចិត្តនេះ តំណាងផលិតកម្មបានអះអាងថា រាល់តារាចម្រៀងដែលខាងផលិតកម្មប្រឹងប្រែងលើកស្ទួយអោយមានកម្រិតឈានឡើង គឺផលិតកម្មទាមទារអោយចុះកុងត្រា តែបើតារាចម្រៀងមិនទទួលយកលក្ខណ្ឌនេះនោះជាសិទ្ធិរបស់តារាចម្រៀង។ តំណាងផលិតកម្មបានបង្ហាញពីការសោកស្ដាយដែល តារាចម្រៀងនាងច័ន្ទ ម៉ាលីស គឺជាតារាចម្រៀងមានសំឡេងល្អ មានរូបសម្បត្តិល្អ ហើយបទរបស់នាងដែលបានដាក់អោយ គឺរមែងទទួលការគាំទ្រខ្លាំង ប៉ុន្តែនាងបែរជាសម្រេចចិត្តដើរចេញដោយគ្រាន់តែស្នើអោយកុងត្រា ដែលលោកបញ្ជាក់ថាជារឿងដែលខាងផលិតកម្មក៏គ្មានដំណោះស្រាយ៕

មតិយោបល់