ព័ត៌មានសិល្បៈ និងកម្សាន្ត

លាន អាហ្វ្រីលគីនីន ប្រាប់ប្រភពទុនបើកហាងជិត១០ម៉ឺនដុល្លារ!

ស្ងាត់ពីការងារសិល្ប:មួយខ្យល់ធំ អតីតតារាចម្រៀង និងជាពិធីករលោក លាន អាហ្វ្រីលគីនីន បានក្លាយជាម្ចាស់ហាង «DRSKIN» ដែលជាប្រភេទហាងធំជាងគេនៅផ្សារកុងតឺណឺកោះពេជ្រគួរឲ្យភ្ញាក់ផ្អើល ដោយហាងរបស់លោកបានធ្វើពិធីបើកយ៉ាងអធឹកអធមកាលពីយប់ថ្ងៃទី៩ មិថុនា។ យ៉ាងហោចតារាសិល្ប:ច្រើនជាង១០០នាក់ ទាំងតារាចាស់ និងតារាថ្មី បានបង្ហាញខ្លួននៅក្នុងពិធីនោះ ដែលកាន់តែជួយលើកមុខឲ្យអតីតតារាសិល្ប:រូបនេះឲ្យលេចមុខលេចមាត់។

លោកលាន អាហ្វ្រីលគីនីន បានបង្ហើបឲ្យដឹងពីមូលហេតុដែលនាំឲ្យលោកបានក្លាយជាថៅកែយ៉ាងធំដុំនៅក្នុងហាងនោះ។

លោកនិយាយថាហាងថ្មីដែលលោកសម្រេចបើកនោះគឺទិញយីហោផ្ដាច់មុខពីម៉ាកសម្លៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសកូរ៉េ ហើយដោយយកមកប្រើជាហាងផឹកស៊ីតែម្ដង តែក្នុងហាងផឹកស៊ីនោះ ក្រៅពីជាប្រភេទភោជនីយដ្ឋាន ក៏មានលក់សម្លៀកបំពាក់ម៉ាក DRSKIN មកពីកូរ៉េមួយផ្នែកផងដែរ ដើម្បីចែកចាយសម្លៀកបំពាក់កីឡាល្បីឈ្មោះយីហោមួយនេះផ្ដាច់មុខនៅកម្ពុជា។ លោកថាអាជីវកម្មរបស់លោកចំណាយដើមទុនអស់ជិត១០ម៉ឺនដុល្លារ ដោយលោកប្រកាសថាហេតុផលដែលនាំឲ្យ លោកមានលទ្ធភាពទៅបានក៏ដោយសារតែមានការបណ្ដាក់ទុនពីជនជាតិកូរ៉េដែលជាដៃគូរបស់ខ្លួន។ លោកអះអាងថានេះជាហាងផឹកស៊ីទ្រង់ទ្រាយធំ និងជាហាងដែលម្ចាស់ហ៊ុនរបស់លោកចំណាយថវិកាច្រើន ហើយមិនមែនជាមុខរបរទី១នោះទេ ដោយសារតែក្នុងដៃរបស់លោមរាល់ថ្ងៃ ក៏មានក្រុមហ៊ុនម៉ៅការ និងទទួលដឹកខ្សាច់ ដឹកគ្រួស ជារបស់ផ្ទាល់ខ្លួនផងដែរ។ ប៉ុន្តែលោកថាអាជីវកម្មទាំងអស់ មិនមែនសុទ្ធតែដើមទុនផ្ទាល់ខ្លួនរបស់លោកនោះទេ គឺភាគច្រើនជាការបោះទុនរបស់ដៃគូ ហើយលោកគ្រាន់តែប្រើគំនិត និងធ្វើឲ្យមានដំណើរការ។ លោកចាត់ទុកថាភោជនីយដ្ឋាន«DRSKIN»នៅផ្សារកុងតឺណឺគឺការបោះទុន ក្នុងជំហ៊ានមួយធំសម្រាប់អាជីវកម្ម បន្ទាប់ពីលោកដកខ្លួនពីការងារសិល្ប:។ លោកក៏បានប្រកាសថា នឹងទាក់ទាញដៃគូដែលជាម្ចាស់ក្រុមហ៊ុនយីហោ«DRSKIN»ឲ្យបើករោងចក្រនៅកម្ពុជាឲ្យបានក្នុងពេលខាងមុខ ដើម្បីឲ្យកម្ពុជាមានសម្លៀកបំពាក់កីឡាប្រភេទល្បីរបស់កូរ៉េមួយនេះប្រើប្រាស់ហើយស្ថិតក្នុងតម្លៃទាប។ លោកថាក្រោយក្លាយជាម្ចាស់ហាងធំមួយនៅផ្សារកុងតឺណឺលោកប្រហែលនឹងដកខ្លួនពីសិល្ប:ជារៀងរហូត ដោយសារតែពេលបន្តបន្ទាប់គម្រោងបើកមុខជំនួញរបស់លោកនឹងមានច្រើនឡើង៕

//youtu.be/jHIuhifME60

មតិយោបល់